ផ្លែមៀនប៉ៃលិនកម្ពុជាទទួលបានការទិញជាច្រើនពីអតិថិជនបរទេស (Video Inside)

ផ្លែមៀនស្រស់ពីខេត្តប៉ៃលិនរបស់កម្ពុជា ត្រូវបានគេដាក់លក់ក្នុងទីផ្សារចិនដោយមានការ ទិញពីអតិថិជនជាច្រើន។ ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារ ប្រទេសចិនជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយ និងចេក។

នាយកផ្នែកបញ្ជាទិញសកលលោកប្រាយអឹន ជាង Brian Jiang នៃក្រុមហ៊ុន Shanghai Grandfruit Import & Export បានថ្លែងថាផ្លែមៀនដែលនាំចូលមកពីប្រទេសកម្ពុជា ត្រូវបានដាក់លក់ក្នុងផ្សារផ្លែឈើជាស៊ីង Jiaxing ។ លោកថារវាងពីថ្ងៃទី១២ ដល់១៥ ធ្នូ ឆ្នាំ២០២២ ផ្លែមៀនប៉ៃលិនរបស់កម្ពុជានោះ ត្រូវបានគេទិញដាច់អស់ចំនួន១៨ តោន ដែលលោកបញ្ជាក់ថាវាជា «សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា»។

ក្រុមហ៊ុនចិនបានថ្លែងថាផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជានេះ ត្រូវបានគេផ្សាយដាក់លក់ នៅលើទីផ្សារអនឡាញ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូមគាមអនាម័យ និងមានស្តង់ដារសុវត្ថិភាព ដោយសារតែកម្ពុជាមាន កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។

ក្រុមហ៊ុនចិនបានថ្លែងទៀតថា តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា លើបណ្តាញឌីជីថលរបស់ចិន នឹងធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើនអាចស្គាល់ផលិតផលកសិកម្ម កម្ពុជាព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង១ពាន់៤០០លាននាក់។

លោកបញ្ជាក់ថាថ្ងៃខាងមុខ ផលិតផល ខ្មែរផ្សេងទៀត ដូចជាស្វាយ និងចេក ក៏នឹងមានវត្ត មាននៅលើទីផ្សារនេះផងដែរ។ តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជាក្នុង មួយឆ្នាំ ចំនួនជាង៣០០តោន សម្រាប់ ដាក់លក់ផងដែរ។

ads banner