តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖ តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ក្នុងសំណុំរឿង «រួមគំនិតក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុននឹងតុលាការឈានទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តាំងពីវេលាម៉ោង៨:៣០ រហូតដល់ម៉ោងជាង៩យប់បានចប់។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់នីតិវិធី នៃការសួរដេញដោលគ្រប់អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធនៅក្នុងរឿងក្តីនេះ ត្រូវធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុន នឹងតុលាការឈាន ទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទនេះ។
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២០។ តុលាការដំណើរការក្ដីនេះបានប្រមាណជា១ខែ ក៏បង្ខំចិត្តផ្អាកទៅវិញ មូលហេតុដោយសារមានវិបត្តិជំងឺកូវីដ-១៩។ ក្រោយពីផ្អាកជិត២ឆ្នាំ ដោយសាជំងឺកូវីដ-១៩ សវនាការនេះក៏ចាប់ផ្តើមបន្តជំនុំជម្រះឡើងវិញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។
គិតមកដល់ថ្ងៃដែលតុលាការប្រកាសបិទបញ្ចប់ នីតិវិធីនៃការសួរដេញដោលគ្រប់អង្គហេតុ នៅថ្ងៃទី១៩ ខែតុលា គឺសវនាការនេះបានបន្តអូសបន្លាយដល់លើកទី៦៣មកហើយ។ តុលាការបានជម្រាបអង្គសវនាការថា សាក្សីចំនួន២៧នាក់ ត្រូវបានកោះហៅឲ្យមកផ្តល់សក្ខីកម្ម ប៉ុន្តែមានតែសាក្សី៨នាក់ទេ ដែលចូលបំភ្លឺទៅតាមការកោះហៅរបស់តុលាការ៕
ដោយ៖ពលជ័យ