ឯកឧត្តម ថងសាវុន៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព នៅទីលាន ១២ ម៉ូទ័រផាក គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ខេត្តមណ្ឌលគីរី

ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព នៅទីលាន ១២ ម៉ូទ័រផាក ឆ្នាំ២០២៣ខាងមុខនេះ លើទឹកដីខេត្តមណ្ឌលគីរី គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តខេត្តប៉ែកឥសាន្តមួយនេះ។ នេះការបញ្ជាក់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាលខេត្តមណ្ឌលគីរី ពេលចុះពិនិត្យទីលានកម្រិតស្តង់ដារអន្តរជាតិ ១២ ម៉ូទ័រផាក កាលពីម្សិលមិញ។
ឯកឧត្តម សាន់ ដារិទ្ធ ប្រធានក្លឹប Off Road គោព្រៃមណ្ឌលគីរី បានអោយដឹងថា ១២ ម៉ូទ័រផាក គឺជាទីលានកម្រិតស្តង់ដារអន្តរជាតិដំបូងនៅកម្ពុជា សាងសង់លើផ្ទៃដីទំហំ៩៣ហិចតា ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាទីលានអាចរៀបចំព្រឹត្តការណ៍កីឡាបានច្រើន។ ឯកឧត្តម បន្តថា ទីលានកម្រិតស្តង់ដារមួយនេះ ប្រធានក្លឹប Off Road គោព្រៃមណ្ឌលគីរី សហការរៀបចំជាមួយក្រុមការងារ Camcar , VKH និងក្លឹប Cambo 4*4 ទទួលបានការគាំទ្រពីរដ្ឋបាលខេត្តមណ្ឌលគីរី នឹងត្រៀមរៀបចំការប្រកួតកីឡាច្រើនប្រភេទ ដើម្បីអោយកីឡាករជាតិ និងអន្តរជាតិបានចូលរួមប្រកួត នឹងបង្ហាញថាកម្ពុជាមានពីទីលានប្រណាំងយានយន្តដ៏ធំ នឹងអាចរៀបចំព្រឹត្តការណ៍ប្រណាំងកម្រិតអន្តរជាតិផងដែរ។
ឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត និងម៉ូតូ សន្តិភាព ឆ្នាំ២០២៣ ដែលក្លឹប Off Road គោព្រៃ បានសហការរៀបចំជាមួយសាលាខេត្ត និងវិស័យឯកជន រៀបចំការប្រកួតអន្តរជាតិប្រចាំឆ្នាំដ៏ធំ ដើម្បីទាក់ទាញកីឡាករ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកប្រកួតប្រជែង និងទស្សនាកម្សាន្តខេត្តប៉ែកឥសាន្តប្រទេស ដែលសម្បូរដោយធនធានធម្មជាតិ និងតំបន់ទេសចរជាច្រើនផងដែរ។ ឯកឧត្តមអភិបាល បន្ថែមថា ព្រឹត្តការណ៍នេះ ក៏មានកីឡាករជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានាចូលរួមច្រើន ដូច្នេះសូមអោយបងប្អូនជនរួមជាតិ ចូលរួមទស្សនាកម្សាន្តអោយបានច្រើនកុះករ ជាពិសេសមកកម្សន្តខេត្តមណ្ឌលគីរី នាថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តម ថង សាវុន បញ្ជាក់បន្ថែមថា ព្រឹត្តការណ៍ប្រកួតនេះនឹងក្លាយព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ ដើម្បីបង្ហាញថា ខេត្តមណ្ឌលគីរី មានលទ្ធភាពរៀបចំការប្រកួតជូនកីឡាករជាតិ និងអន្តរជាតិ ជាពិសេសមានសក្តានុពលអ្វីខ្លះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព នៅទីលាន ១២ ម៉ូទ័រផាក ឆ្នាំ២០២៣ខាងមុខនេះ លើទឹកដីខេត្តមណ្ឌលគីរី គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២៣នឹងមានកីឡាការប្រណាំងម៉ូតូត្រៃ ប្រណាំងរថយន្ត Off Road និងប្រណាំងរថយន្ត Rally ដែលមាន កីឡាករមកពីប្រទេសថៃ វៀតណាម បារាំង សហរដ្ឋអាមេរិក និងកម្ពុជា សរុបប្រហែល៣០០នាក់ចូលរួម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner