លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការ បោះឆ្នោត សកលឆ្នាំ២០២៣
ថៃ៖នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីក្នុងការបោះឆ្នោតសកលដែលនឹងត្រូវប្រព្រឹត្តធ្វើឡើងក្នុងប្រទេសថៃនាមុនខែឧសភាឆ្នាំ ២០២៣។ នេះបើយោងតាមសម្តីដែលលោក ប្រាយុទ្ធ ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកនាថ្ងៃសុក្រ ទី២៣ ធ្នូ ឆ្នាំ ២០២២។
លោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាំងពីឆ្នាំ ២០១៤ ពោលនៅក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីងឡាក់ និងដែលលោកចាន់អូចា ខ្លួនឯងជាមេរដ្ឋប្រហារ។ លោក បានបន្តក្តោបក្តាប់តំណែងនេះ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដ៏ចម្រូងចម្រាស តែ ប្រជាប្រិយភាពរបស់លោកបាននិងកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា៖ «គណបក្សថៃរួបរួមជាតិដែលទើប បង្កើត ថ្មី បានផ្តល់នូវការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី បន្ទាប់ នៅក្នុងការបោះឆ្នោតនាអាណត្តិ ក្រោយ» ។«ខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ … ថាខ្ញុំបានសម្រេចចិត្ត ហើយ ថា ខ្ញុំនឹងចូលរួមក្នុងតួនាទីនេះ»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ត្រូវបានគេរំពឹង ពីមុនរួចហើយថា នឹងចាកចេញពីគណបក្ស Palang Pracharath (អំណាចប្រជាជន) របស់លោក ដែលជាបក្ស ដឹក នាំរដ្ឋាភិបាលថៃបច្ចុប្បន្ន ហើយលោកនឹងចូលរួម ជាមួយ គណបក្សថៃរួបរួមជាតិ ដែលគេជឿថាជាបក្សថ្មីមួយត្រូវ បានបង្កើតឡើងជាពិសេសសម្រាប់រូបលោកមុនការបោះឆ្នោតនាពេលខាងមុខ។
គណបក្សអំណាចប្រជាជនវិញ បានប្រកាសថាលោកឧ បនាយក រដ្ឋមន្ត្រីស្តីទី ប្រាវីត វង្សស៊ូវ៉ាន (Prawit Wongsuwan) នឹងក្លាយជាបេក្ខភាពរបស់បក្សនៅ ក្នុងការ បោះឆ្នោតសកលឆ្នាំក្រោយ។
ទាំងលោកប្រាយុទ្ធ និង ប្រាវីត សុទ្ធតែធ្លាប់បានបម្រើការ ក្នុងជួរយោធាដូចគ្នា និងមានចំណងនយោបាយចងភ្ជាប់ គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក ប្រាយុទ្ធ បានឱ្យដឹងថា ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែរឹងមាំល្អ បើទោះបីជាផ្លូវនយោបាយរបស់ពួកគេដើរដល់ផ្លូវបែកគ្នាក៏ដោយចុះ។
គួរជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតរបស់ថៃនៅមិន ត្រូវ បានគេសម្រេចនៅឡើយទេ។ ក៏ប៉ុន្តែប្រសិនបើការបោះ ឆ្នោត មិនត្រូវបានរំលាយចោលទេនោះ សភាថៃនឹងត្រូវបញ្ចប់ អាណត្តិនៅខែមីនា ដោយកំណត់យកការបោះឆ្នោត នៅខែឧសភា។
គណបក្សប្រឆាំងភឿថៃ កំពុងកើនប្រជាប្រិយភាពខ្លាំង ក៏ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលត្រូវបានគូសព្រាងដោយយោធា បានរៀបចំប្រព័ន្ធនេះដើម្បីគាំទ្រដល់គណបក្សដែល មានទំនាក់ទំនងនឹងកងទ័ព។ ការណ៍នេះធ្វើឱ្យគេគិតថា លោកប្រាយុទ្ធ នៅតែមានឱកាសច្រើន ក្នុងការឈានទៅ កាន់កាប់ តំណែងជានាយករដ្ឋមន្ត្រីថៃមួយអាណត្តិទៀត៕
ដោយ៖ លី លីយ៉ា