ក្រសួងកសិកម្ម៖ ការដាក់លក់ផ្លែមៀនខ្មែរនៅវេបសាយអាលី បាបា គឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែង ការ រីករាយនៅពេលឃើញផ្លែមៀនខ្មែរ ត្រូវបានដាក់លក់នៅ លើវេបសាយទីផ្សារអនឡាញលំដាប់ពិភពលោកអាលី បាបា( Alibaba) ដោយចាត់ទុកថាជាគំនិតផ្តួចផ្កើមដ៏ល្អមួយ ខណៈ ក្រសួងនឹងខិតខំធ្វើការជាមួយកសិករដាំផ្លែមៀន ដើម្បីពង្រឹង គុណភាព និងអនាម័យបន្ថែមទៀត។

ការបង្ហាញចំណាប់អារម្មណ៍នេះ បន្ទាប់ពីផ្លែមៀនប៉ៃលិន របស់កម្ពុជា ត្រូវបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅ ទីក្រុងហាន់ចូវ ខេត្តជឺជាំង។ នេះបើតាម ឯកឧត្តម នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ (ប្រទេសចិន) បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២២។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា បានឱ្យដឹងថា សម្រាប់ក្រសួងកសិកម្ម ការយកផ្លែមៀន ខ្មែរទៅដាក់លក់លើវេបសាយ Alibaba គឺជាការផ្ដួចផ្ដើម ដ៏ល្អមួយ ដែលក្រសួងស្វាគមន៍។ កញ្ញាបញ្ជាក់ថា ៖«ការចូលរួម នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញទីផ្សារផលិតផលមៀនកម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន និងអន្ដរជាតិ»។

ឆ្លើយនឹងសំណួរថាតើតាមរយៈការដាក់លក់មៀនកម្ពុជាលើវេបសាយនេះ អាចជំរុញឱ្យតម្លៃផ្លែមៀនកម្ពុជាកើនឡើងដែរ ឬ យ៉ាងណា កញ្ញាមានប្រសាសន៍ថា ការណ៍នេះ វាផ្សារភ្ជាប់គ្នា ចៀសមិនរួចទៅនឹងតម្រូវការទីផ្សារ ដូច្នេះ នៅពេលដែល តម្រូវ ការកើនឡើង នោះតម្លៃក៏នឹងកើនឡើងទៅតាមនោះដែរ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ក្រសួងកសិកម្ម នឹងបន្តធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយប្រជាកសិករ និងក្រុមហ៊ុន ធ្វើយ៉ាងណា ធានានូវការផលិតផ្លែមៀនសមស្របទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ តាមរយៈការផ្សព្វផ្សាយនិងណែនាំដល់ ម្ចាស់ ចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនអំពីលក្ខខណ្ឌតម្រូវដែល មានចែងក្នុងពិធីសារ។

កញ្ញាថា៖ «ក្រសួងបាននិងកំពុងចាត់មន្ត្រីជំនាញចុះអង្កេត តាមដាននិងគ្រប់គ្រងសមាសភាពចង្រៃតាមចម្ការ បណ្ដុះ បណ្ដាលដល់ម្ចាស់ចម្ការស្ដីពីការអនុវត្តកសិកម្ម ការគ្រប់គ្រង សមាសភាពចង្រៃ និងការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព បន្តជំរុញការចុះបញ្ជីចម្ការជា ចម្ការ អនុវត្តកសិកម្មល្អ និងបន្តជំរុញការចុះបញ្ជីចម្ការនិងរោង ចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន»។

បើតាមកញ្ញា អ៊ឹម រចនា រហូតមកទល់ពេលនេះ មានចម្ការមៀន ចំនួន ៧៤ និងរោងចក្រវេចខ្ចប់ផ្លែមៀនចំនួន៨ ទទួលបានការ ចុះបញ្ជី និងទទួលស្គាល់ដោយអគ្គនាយកដ្ឋាន កសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាល គយចិន។

គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ផ្លែមៀនស្រស់កម្ពុជាចំនួន ២ ៥៩៦,១៧តោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សម្រាប់ឆ្នាំ២០២៣ ក្រសួងកសិកម្ម រំពឹងថា កម្ពុជានឹង អាចនាំចេញមៀនប៉ៃលិនប្រមាណជា ៧ ០០០ ទៅ ៨ ០០០ តោន៕
ដោយ៖ ឡាយ សាមាន

ads banner