រដ្ឋមន្ត្រីទេសចរណ៍ណែនាំដល់សមាគមទេសចរណ៍កម្ពុជា ផ្តល់កិច្ចសហការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ » ឱ្យបានជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ណែនាំ ដល់ សមាគមទេសចរណ៍កម្ពុជា (CATA) ឱ្យ ផ្តល់ កិច្ចសហការបន្ថែមជាមួយក្រសួងទេសចរណ៍ក្នុងការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមពាក្យស្លោក កីទ្បា និងព្រឹត្តការណ៍ Sport and Festival» ឱ្យបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងដូច្នេះក្នុងកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេសចរណ៍កម្ពុជាដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal កាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ថា បច្ចុប្បន្នក្រសួងទេសចរណ៍កំពុង រៀប ចំវិធានការគោលនយោបាយអនុវត្តឆ្នាំទស្សនាកម្ពុជា ២០២៣នេះ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសមាគមនេះ រៀបចំ សកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរអន្តរជាតិទ្បើង វិញឱ្យបានឆាប់រហ័ស ដើម្បីចាប់យកឱកាសទីផ្សារក្នុងតំបន់ និងសកល ខណៈនិន្នាការធ្វើដំណើរនៅតែមានសន្ទុះខ្លាំងរួម មានទីផ្សារក្នុងតំបន់អាស៊ាន ចិន និងឥណ្ឌា ជាដើម ពិសេស សូមចូលរួមផ្សព្វផ្សាយឱ្យបានសកម្មជាមួយដៃគូក្រៅប្រទេសពីសកម្មភាព ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា។
មួយវិញទៀត លោកក៏បានឱ្យសមាគមបន្តជំរុញឱ្យបុគ្គលិក របស់ អាជីវកម្មទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាល ដើម្បី ទទួលបានជំនាញថ្មី និងអភិវឌ្ឍជំនាញដែលមានស្រាប់ និងចូលរួមដល់ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដារ និងជំរុញឱ្យអាជីវកម្មទាំងអស់ដែលជាសមាជិក បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិប្រតិបត្តិស្តង់ដារ (SOP) ដាក់ចេញដោយក្រសួងទេសចរណ៍ ដើម្បីឱ្យស្របតាមបរិបទនៃ ការរៀន រស់ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
បន្ថែមពីនេះឯកឧត្តមក៏ឱ្យសមាគមបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំ សកម្មភាពផ្សព្វផ្សាយទេស ចរណ៍ រួមគ្នា រួមមាន៖ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការទទួល Farm Trip ជាដើម។ លោកយល់ថា គួរបង្កើតក្រុមការងារមួយសម្រាប់ផ្តល់កិច្ចសហការលើការងារផ្សព្វផ្សាយនេះផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ថ្លែងថា សម្រាប់សមាគមន៍ CATA ជាផែនការបន្ទាប់ សម្រាប់ឆ្នាំ ២០២៣រួមមាន៖ សមាគមនឹងទទួលរៀបចំធ្វើ Farm Trip សម្រាប់ទីភ្នាក់ងារទេសចរ មកពីបណ្ដាប្រទេស អាស៊ាន ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសេវាកម្ម និងផលិតផល ទេសចរណ៍ថ្មីៗនៅកម្ពុជា។
លោកស្រីបន្តថា ជាមួយគ្នានេះសមាគមក៏នឹងបង្កើនកម្មវិធីផ្គូរ ផ្គងដៃគូអាជីវកម្មទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេស អាស៊ាន ដើម្បីបង្កើនទីផ្សារ និងកិច្ចសហប្រតិបត្តិការ បង្កើន ទំនាក់ទំនង ទីផ្សារឥណ្ឌាដើម្បីអនុវត្តន៍អនុស្សរណៈយោគយល់ គ្នា ដែលបានព្រមព្រៀងចុះហត្ថលេខា រវាងសមាគម CATA និងរដ្ឋម៉ាត់យ៉ាប្រាដេសនៃប្រទេសឥណ្ឌា នាពេលកន្លកងទៅ។
លោកស្រីបន្ថែមថាសមាគមនឹងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារទេសចរណ៍ក្នុងប្រទេសឥណ្ឌា សិក្សាទីផ្សារដើម្បីជំរុញ និងគាំទ្រឱ្យមានការហោះហើរត្រង់ពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌា និងឥណ្ឌាមកកាន់កម្ពុជា បន្តបង្កើតទីផ្សារកម្មវិធីបណ្តុះ បណ្តាលវគ្គខ្លីៗឱ្យបានច្រើនដើម្បីបំពេញតម្រូវការជាក់ស្ដែង បន្តឡើងវិញនូវសកម្មភាពបញ្ជ្រាបការយល់ដឹងពីការទុកដាក់កាកសំណល់ ផ្តល់ការគាំទ្រសម្រាប់ការផលិត ផលិតផល ក្នុងស្រុក សម្រាប់សហគមទេសចរណ៍ ដើម្បីទទួលបាន ចំណូលបន្ថែមទៀត៕
ដោយ៖ យុទ្ធ វីរៈ

