កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រល្អៗ សម្រាប់យកទៅអនុវត្តលើផែនការ និងសកម្មភាពមនុស្សធម៌ ក្នុងឆ្នាំ២០២៣ ខាងមុខ
ខេត្តព្រះវិហារ៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨ កាលពីរសៀលថ្ងៃទី២៣ ធ្នូ ២០២២ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ ប្រកបដោយសកម្មភាពរស់រវើក មានការវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វើឲ្យសាខាទទួលបានជោគជ័យ គួរឲ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ផងដែរ៕ ដោយ៖ឡុង សំបូរ




