កម្ពុជា កំពុងអភិវឌ្ឍធនធានមនុស្សលើជំនាញ វិជ្ជាជីវៈ អនឡាញ ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជានិងស្ថាប័នពាក់ព័ន្ធកំពុង អភិវឌ្ឍធនធានមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍កម្ពុជា ស្រប ពេលនៃការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ដែលមានអ្នកចូល រួមជាង២០០នាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឯកឧត្តម ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើក ដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការ កម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជាពីសំណាកទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការ ពង្រឹង គុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូន ភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញ ទេសចរ ទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក។
ឯកឧត្តមបានបន្តថា ៖ «ក្រសួងទេសចរណ៍ បានមើលឃើញ ច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃ សមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញជាដើម សំដៅអភិវឌ្ឍធនធាន មនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាពផងដែរ»។
ក្នុងឱកាសនេះ លោក Wang Zhiquan ប្រធានការិយាល័យ កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានលើកឡើងដែរថា តាមរយៈសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងនេះ គឺ បានរៀបចំឡើងស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។
លើសពីនេះទៀតលោកថា ការពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បី មានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់ ពិសេសជំនាញ វិជ្ជាជីវៈទេសចរណ៍អនឡាញ ដើម្បីងាយស្រួលនៅក្នុងការផ្តល់ សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាព ពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានានៅកម្ពុជាផងដែរ។
បើតាមក្រសួងទេសចរណ៍ ក្រសួងបានបង្កើតប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់អ្នក បម្រើ ការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍។
ជាក់ស្តែង បើគិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់ នៅក្នុង ប្រព័ន្ធខាងលើនេះ មានប្រមាណ ៦៩ ៥៩៥ នាក់ផងដែរ។ សូមជម្រាបផងដែរថា គិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនា កម្ពុជាសរុបមានចំនួន ៩៩៨ ២៧២ នាក់ កើនឡើង ៧២០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ និងថយចុះ ៧៧ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
ដោយឡែក ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន ១១៣,៨ភាគរយ ដែលចំនួននេះ ក្រសួងទេសចរណ៍រំពឹងថា អាចជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា នាឆ្នាំ២០២៣ខាងមុខនេះ។
តាមរយៈសិក្ខាសាលានេះ ក្រសួងទេសចរណ៍ និងស្ថានទូតចិន នៅកម្ពុជា ក៏បានបង្ហាញក្តីរំពឹងថា សិក្ខាសាលានេះ មិនត្រឹម តែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅគោលដៅទេសចរណ៍ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការជំរុញ និងបង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរថែមទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន

