លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាល បន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព
ភ្នពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ សរុប ៤០០នាក់ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការប្រជុំនាថ្ងៃនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។
ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរៀបចំ ៖
១. ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើប័ណ្ណសុខភាពក្មួយៗ តាមស្ថានភាពជាក់ស្តែង
២. ប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រៀមលក្ខណៈធ្វើប័ណ្ណក្រីក្រតាមនីតិវិធីសម្រាប់ជូនក្មួយៗទាំងអស់ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
៣. សូមប្រគល់ភារកិច្ចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សារកជំនាញដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ តែទាល់តែក្មួយៗព្រមសហការខិតខំរៀនសូត្រជំនាញ ដើម្បីមានជំនាញច្បាស់លាស់ដើម្បីចាប់អាជីពការងារថ្មី។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៤០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ៕ ដោយ ថេត វិចិត្រ+ហេងសម្បតិ្ត



