ឯកឧត្តម កែវ រ៉េមី៖ ស្នើសុំដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រិត្យ ផ្តល់ការកាត់សេក្តីដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់កីឡាករ កីឡារិនី
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីសរុប ១៧០នាក់។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា នេះជាការប្រកួតកម្រិតខ្ពស់បំផុតក្នុងកម្រិតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដូច្នេះស្នើសុំដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដែលកំពុងដឹកនាំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រិត្យ ផ្តល់ការកាត់សេក្តីដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់កីឡាករ កីឡារិនីគ្រប់ការប្រកួតទាំងអស់។ រីឯកីឡាករ កីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងបញ្ចេញឲ្យអស់នូវទេពកោសល្យ សមត្ថភាព ដើម្បីឲ្យគណៈកម្មការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីប្រកបដោយគុណភាពល្អៗ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងបន្ថែមថា នេះជាកិត្តិយសដ៏ធំធេង សម្រាប់វិស័យកីឡាគុនល្បុក្កតោដែលទទួលបានការគាំទ្រពីវិស័យឯកជន មហាជន សិស្សនិស្សិតយ៉ាងច្រើនកុះករ ពីព្រោះថា គុនល្បុក្កតោ គឺជាក្បាច់គុនព្រលឹងជាតិខ្មែរ ដែលទើបនឹងត្រូវបានដាក់បញ្ជូលជាផ្លូវការ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជាពិសេសជាមួយកិច្ចសហការជាមួយដៃគូរឧបត្ថម្ភ ដែលមានក្រុមសម្រស់ធម្មជាតិ និងក្រុមហ៊ុន វ័ន ហ្វ្រេតធីនីធី បានធ្វើឲ្យការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំមានភាពអធិកអធមល្អប្លែកពីឆ្នាំមុនៗ។
លោក អួ តារា សង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺឲ្យអ្នករៀបចំយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដើម្បីធ្វើយ៉ាងណាឲ្យការប្រកួតដំណើការដោយរលូន និងជោគជ័យ។ ដោយគណៈកម្មការរៀបចំការប្រកួត បានរៀបចំ ទទួលបន្ទុកការធ្វើដំណើរ ហូបចុក ស្នាក់នៅរបស់ ព្រឹទ្ធាចារ្យគ្រូ បង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ដែលមកពីតាមបណ្ដាខេត្តឆ្ងាយ ដោយក្នុងនោះមក ២៥សាលាគុនដែលមកពី ១០ពីរាជធានី-ខេត្ត និងក្រសួង១ ដោយមានប្រតិភូគ្រូបង្វឹក ៤៣នាក់ កីឡាករ ១០២នាក់ កីឡាការិនី៦៨នាក់ គណៈកម្មការរៀបចំការប្រកួត ៤៨នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០នាក់ សរុប ២៨១នាក់។ សម្រាប់ការរៀបចំទីលានការប្រកួតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕ ចាន់ វិចិត្រ


