លោក នូ ចំរើន៖ សមត្ថភាពគណកម្មការបច្ចេកទេសសហព័ន្ធ មានការកើនឡើង ទាំងការកាត់សេចក្តីលើវិញ្ញាសាកង់គក់ និងកង់ភ្នំ

ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកឆ្នាំ២០២២ ដែលរៀបចំនៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យក្រោយកីឡាករ កីឡាការិនី លើវិញ្ញាសាកង់គក់ និងកង់ភ្នំ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញគួរជាទីមោទក ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសចុងក្រោយរបស់ខ្លួន។ ក្នុងនោះលោក នូ ចំរើន អគ្កលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានវាយតម្លៃថា សមត្ថភាពមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ មានការកើនឡើង និងយល់ដឹងកាន់តែច្បាស់ ក្រោយកាត់សេចក្តីប្រកបដោយសុក្រិត និងយុត្តិធម៌ ទាំង២វិញ្ញាសា។
លោកអគ្គលេខាធិការ បន្តថា សិទ្ធផលកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេសគឺល្អប្រសើរខ្លាំង នេះជាចំនុចវិជ្ជមានថ្មីមួយបន្ថែមទៀត បន្ទាប់ពីសហព័ន្ធបានយកចិត្តដាក់ក្នុងការសម្រួចសមត្ថភាព បច្ចេកទេស ពីការប្រកួតនានា និងវគ្គបណ្តុះបណ្តាល ជាពិសេសព្រឹត្តការណ៍កីឡាជាតិ លើកទី៣ថ្មីៗនេះ ដើម្បីបង្ហាញពីការត្រៀមខ្លួនអោយបានល្អប្រសើរ សម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទាំងការប្រជែងដណ្តើមមេដាយ និងការរៀបចំប្រកបដោយភាពជឿជាក់ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តការណ៍ប្រវត្តិសាស្រ្តដំបូងនេះ។ លោក នូ ចំរើន បន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិបន្ថែមទៀត សម្រាប់ពង្រឹងសមត្ថភាព នឹងបញ្ជូនមន្រ្តីបច្ចេកទេសទៅចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ អោយបានញឹកញាប់មុនព្រឹត្តការណ៍ស៊ីហ្គេមមកដល់។ លោក ក៏បានវាយតម្លៃខ្ពស់ថា មន្រ្តីបច្ចេកទេសរបស់យើងបានខិតខំប្រឹងប្រែងខ្លាំង និងទទួលខុសត្រូវមុខជំនាញរបស់ពួកគាត់តាមផ្នែករៀងៗខ្លួន។ ប៉ុន្តែយើងក៏នៅមានចំនុចខ្វះខាតខ្លះៗ ដោយសារគណកម្មការមួយចំនួនមិនបានចូលរួម ហើយការប្រកួតក៏ជាប់ៗគ្នា និងមានរយៈពេលខ្លី មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ។
ចំពោះបញ្ហាប្រឈម របស់សហព័ន្ធ គឺគណកម្មការដែលជាមន្រ្តីបច្ចេកទេសមិនធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតជាលក្ខណអន្តរជាតិ ធ្លាប់តែការប្រកួតថ្នាក់ជាតិ ដូច្នេះយើងសង្ឃឹមនៅឆ្នាំ២០២៣ខាងមុខ សហព័ន្ធអាចនឹងរៀបចំ Pre-Sea Game ឬការប្រកួតអន្តរជាតិណាមួយ ដែលធ្វើអោយគាត់មានការយល់ច្បាស់ជាជំនាញក្នុងការរៀបចំជាលក្ខណៈអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាព និងបន្សាំខ្លួនបន្ថែមអោយល្អ។ រីឯផ្នែកភាសាវិញ មិនជាបញ្ហាប្រឈមទេ ដោយសារពួកគាត់ខ្លះអាចប្រើឬនិយាយបាន២ភាសា។ លោក នូ ចំរើន បន្ថែម។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធខ្មែរកីឡាទោចក្រយានត្រូវការគណកម្មការអន្តរជាតិ១១នាក់ និងគណកម្មការជាតិប្រហែល៣០នាក់ចូលរួម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner