សម្តេចតេជោសែនអំពាវនាវពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលការឆ្លងកូវីដ១៩ នៅមិនទាន់បានស្ងប់ស្ងាត់នៅឡើយ។ ប្រសាសន៍អំពាវនាវនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលមានតួលេខឆ្លង១៤ករណី ដែលលើសពីម្សិលមិញចំនួនមួយករណី។

កម្ពុជាក្នុងរយៈពេលឆ្លងបីឆ្នាំកន្លងមកនេះ តួលេខអ្នកឆ្លងសរុបមានចំនួន១៣ម៉ឺន៨ពាន់៥៧៨ ករណីគិតត្រឹមថ្ងៃទី៣០ធ្នូឆ្នាំ២០២២។ ការឆ្លងខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាបានកើតឡើង នៅក្នុងឆ្នាំ២០២១។ គិតក្នុងរយៈពេលមួយឆ្នាំ២០២០, ការឆ្លងសរុបមានត្រឹមតែ៣៧៨ករណី តែប៉ុណ្ណោះ…ប៉ុន្តែឈានចូលក្នុងឆ្នាំ២០២១ កម្ពុជាមានតួលេខឆ្លងខ្ពស់ជាមួយនឹងមនុស្សស្លាប់ ផងដែរ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នោះ កម្ពុជាមានតួលេខឆ្លង១២ម៉ឺន១២៩ករណី និងមានមនុស្សស្លាប់៣ពាន់១២នាក់។ ដោយឡែកក្នុងឆ្នាំ២០២២ យោងតាមក្រសួងសុខាភិ បាល គិតត្រឹមថ្ងៃទី៣០ធ្នូ មានតួលេខឆ្លងសរុប១ម៉ឺន៨ពាន់៧១នាក់ និងមានអ្នកស្លាប់ចំនួន ៤៤នាក់ ដែលជាតួលេខធ្លាក់ចុះខ្លាំង ដោយសារតែគោលនយោបាយចាក់ស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល។

បច្បុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋានមានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ប៉ុន្តែតួលេខអ្នកចាក់វ៉ាក់សាំងដូសជំរុញខ្លះទើបបានដូសទី៣, ខ្លះទី៤ និង ខ្លះទី៥។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៣០ ធ្នូថា គេត្រូវតែកំណត់ការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់។

កម្ពុជានៅជាមួយនឹងការលើកទឹកចិត្តពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ នៅបានបង្កើនការប្រុងប្រយ័ត្នថែមទៀតលើពលរដ្ឋនានា ដែលធ្វើដំណើរចេញចូលមកពីក្រៅប្រទេស។ កាលពីថ្ងៃទី២៩ ធ្នូ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានចុះពិនិត្យស្ថានភាពអ្នកដំណើរចេញចូលតាមច្រកព្រលានយន្តហោះ ដោយគ្រោងនឹងដាក់ម៉ាស៊ីនស្កែនកម្តៅចំនួន៣គ្រឿងជាបន្ថែមទៀត ដើម្បីតាមដានសុខភាពអ្នកធ្វើដំណើរចេញចូល ។

ការបង្កើនម៉ាស៊ីនស្កេនកំដៅនេះទៀត បានទន្ទឹមនឹងប្រទេសចិនប្រកាសបើកច្រកទ្វារព្រំដែនរបស់ខ្លួន ក្រោយការបិទជិតអស់រយៈពេលបីឆ្នាំកន្លងមក។ ការបើកច្រកព្រំដែនចិន ជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសក្នុងដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។

ads banner