សម្តេចតេជោដាស់តឿនក្រុមសង្គ្រោះចូលរកមនុស្សស្លាប់ និងបាត់ខ្លួន ក្នុងអគារកាស៊ីណូ ប្រុងប្រយ័ត្ន ខណៈអគារបានទ្រេត និងផ្អៀង
ដំណើរការស្វែងរកសាកសព និងមនុស្សបាត់ខ្លួនដោយសារគ្រោះអគ្គិភ័យ ក្នុងអគារកាស៊ីណូ ២កន្លែងនៅក្រុងប៉ោយប៉ែត ខេតុ្តបន្ទាយមានជ័យ បានបន្តរុករកបន្ថែមទៀតខណៈដែលមានសេចក្តីរាយការណ៍ថាអគារកាស៊ីណូកម្ពស់ច្រើនជាន់ដែលឆេះនោះ បានទ្រេតនិងផ្អៀង។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ចូលរួមសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ អគ្គិភ័យនោះ បានដាស់តឿនក្រុមចូលសង្គ្រោះត្រូវប្រុងប្រយ័ត្ន។
អគារកាស៊ីណូ Grand Diamond និង Casino Poipet Resort បានរងនឹងការឆេះវេលាអាធ្រាត្រ ឈានចូលថ្ងៃទី២៩ធ្នូឆ្នាំ២០២២ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនសិបនាក់។ សម្តេចតេជោបានថ្លែងបញ្ជាក់ជុំវិញព្រឹត្តិការណ៍សោកសៅដែលបានកើតឡើងដោយសារតែ អគារមានកម្ពស់ខ្ពស់ដែលមានការពិបាកក្នុងការបាញ់ទឹកពន្លត់។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់និងរបួស ភាគច្រើនគឺជាជនបរទេសរួមមានជនជាតិថៃ, ចិន, នេប៉ាល់ និងឥណ្ឌូណេស៊ី។ សេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាការឆេះនោះ គឺដោយសារទុស្សេខ្សែភ្លើង ខណៈសេចក្តីរាយការណ៍របស់ក្រុមសង្គ្រោះថៃ ដែលបានសហការជាមួយនឹងអាជ្ញាធរកម្ពុជា ចូលជួយសង្គ្រោះ ក្នុងហេតុការណ៍នោះ និយាយថាការ ឆេះបានចេញពីជាន់ក្រោមមួយដែលជាកន្លែងចំអិន អាហារនៃភោជនីយដ្ឋានក្នុងអគារកាស៊ីណូ និងភ្លើងបានឆេះរាលដាលពាសពេញកាន់តែធំទៅៗមិនអាចគ្រប់គ្រងបាន។
សេចក្តីរាយការណ៍ចុងក្រោយមួយវេលាល្ងាចថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ តួលេខមនុស្សស្លាប់ដែលគេបានរកសាកសពឃើញ មានចំនួន២៥នាក់ និងមនុស្សរងរបួស មានប្រមាណ៨០នាក់។