រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ជាមួយ អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិថ្មី ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អបអរសាទរ ជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ សម្រាប់ដំណែងជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ។

ក្នុងឱកាស អអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត កៅ គឹមហួន និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី មាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានអបអរសាទរ ជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ សម្រាប់ដំណែងជា អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ប្រកបដោយកិត្តិយស ក្នុងនាមព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិប្រាំឆ្នាំ នៃការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗសំខាន់ៗបន្ថែមទៀត សម្រាប់សសរស្តម្ភទាំងបី ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ដែលប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងចីរភាព ជាពិសេស ក្នុងការកសាងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបច្ចុប្បន្នយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសាកល។

ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានសំដែងនូវការគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ ជូនឯកឧត្តមបណ្ឌិត នូវការបំពេញភារកិច្ចនេះដើម្បីឧត្តមប្រយោជន៍អាស៊ានជារួម និងជាពិសេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានប្ដេជ្ញាខិតខំបំពេញភារកិច្ចនេះឱ្យអស់ពីសមត្ថភាពដើម្បីឧត្តមប្រយោជន៍តំបន់ និងកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner