ក្រសួងអប់រំបញ្ជាក់ពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡង សម័យប្រឡង ០៥ ធ្នូ២០២២

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីប្រកាសព័ត៌មានមួយដោយបានបង្ហាញពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងមក។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដែលបានចុះហត្ថលេខានៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា៖”សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំង អស់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់។

ជាមួយគ្នានេះក្រសួងអប់រំក៏បានបញ្ជាក់ពីការ ឆ្លើយតបចំពោះសំណូមពរនឹងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។

ក្រសួងបានបន្តឱ្យដឹងថា៖”ក្រោយពីបានបញ្ចប់ការពិនិត្យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការ ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស ព័ត៌មាននេះតទៅ”។

តាមរយៈនេះក្រសួងអប់រំក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែរថា៖ ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្ដល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូបចងចាំថា ការព្យាយាមគង់បានសម្រេចដូចបំណង ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner