ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ឃាត់មនុស្ស ១៤ ៧៨៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងដកហូតសារធាតុញៀនជាង ១៤តោន
ភ្នំពេញ៖ មនុស្សចំនួន ១៤ ៧៨៤នាក់ ត្រូវ បាន កម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន (នគរបាល និងអាវុធហត្ថ) សរុបចំនួន ៦២៩០ករណី ពេញមួយឆ្នាំ២០២២ ក្នុងនោះមានជនបរទេស ២៥៩នាក់ (ស្រី៣៣នាក់) មាន៩សញ្ជាតិ។ នេះបេីយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ៖ ក្នុងចំណោមការបង្ក្រាបសរុបទាំង ៦ ២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤ ៧៨៤នាក់នេះ៖ មានករណីជួញដូរចំនួន ៣ ០៩៧ករណី ឃាត់ខ្លួម ៦១២០នាក់ (ស្រី៤៨៣នាក់), ករណីដឹកជញ្ជូន រក្សាទុកចំនួន ១ ០៩៤ករណី ឃាត់ខ្លួន ១ ៧៧៨នាក់ (ស្រី ១០១នាក់) ,ករណីផលិត កែច្នៃចំនួន ១០ករណី ឃាត់ខ្លួន ៣៤នាក់, ករណីចាត់ចែង សម្រួលចំនួន ១២ករណី ឃាត់ខ្លួន ២១នាក់ (ស្រី៣នាក់), ករណីដាំដុះ ៣២ករណី ឃាត់ខ្លួន ចំនួន៥នាក់, ករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ៣៨ករណី ឃាត់ខ្លួន៣៩នាក់ ,និងករណីប្រើប្រាស់ចំនួន ២ ០០៧ករណី ឃាត់ខ្លួន ៦ ៧៨៧នាក់ (ស្រី៣៦០នាក់) ។ ជាមួយគ្នានោះ ក៏មានករណីអនុវត្ដន៍ដីកាតុលាការផងដែរ ដោយមានចំនួន ៤៨៨ដីកា ចាប់ខ្លួន ៤២៩នាក់ (ស្រី១៣នាក់)។
របាយការណ៍ដដែល បានបន្តថា ក្នុងឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង ១៤តោន, កញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាសួតជាង ៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សម្ភារៈចាប់យកមានរថយន្ត ១៤៤គ្រឿង ម៉ូតូ ១៤៣៦គ្រឿង, ទូរស័ព្ទ ៥ ៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម (កែច្នៃ៣៩ដើម) គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង ៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់វៀតណាម ២៨លានដុង និងប្រាក់យ័នចិន ៧០០យន់។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឱ្យនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា៖ ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ចំនួនបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែបើសង្កេតមើលចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួនច្រើនជាងដល់ទៅ១០តោនឯណោះ ដោយកាលពីឆ្នាំ២០២១ រឹបអូសបានតែជាង៤តោនទេ ប៉ុន្តែឆ្នាំ២០២២ មានចំនួនសរុបរហូតដល់ ១៤តោន។
លោកអគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា៖ “នៅឆ្នាំ២០២២កន្លងទៅនេះ ការចាប់យកបាននូវសារធាតុញៀន ក្នុងករណីខ្លះ គឺមួយករណីមានបរិមាណច្រើនតោន ដោយសារតែក្រុមឧក្រិដ្ឋជន គ្រឿងញៀន អន្តរជាតិ ប៉ុនប៉ង ធ្វើការដឹកជញ្ជូន គ្រឿងញៀន ក្នុងបរិមាណច្រើនទៅប្រទេសទីបី ដោយយកកម្ពុជា ជាកន្លែងឆ្លងកាត់”។
គួរជម្រាបដែរថា កម្លាំងសមត្ថកិច្ច កាលពីឆ្នាំ២០២១កន្លងទៅ បានបង្ក្រាបករណីគ្រឿងញៀនចំនួន ៦២៤២ករណី ឃាត់ខ្លួនមនុស្ស ១៣៧៦៥នាក់ (ស្រី៨០២នាក់) ដោយដកហូតសារធាតុញៀនជាង ៤តោនផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

