ពិធីសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍
ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍
តាមរបាយការណ៍របស់លោក ឆាង ឆៃ អភិបាលនៃណ:អភិបាលស្រុក ដំណាក់ចង្អើរបានអោយដឹងថា រូបសំណាក ” ព្រាប ស ” នេះជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូននឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា។ រូបសំណាកនេះ ចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយចំណាយថវិការសរុប ១៤,៣០០ដុល្លារ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា
ការសាងសង់រូបសំណាក ” ព្រាបស ” នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។
ឯកឧត្ដម បានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមដ៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប។

ឯកឧត្ដម បានបន្ថែមថា រូបសំណាក ” ព្រាបស” ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះនឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្ម ផងដែរ។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេង ទឹកសមុទ្រ ហូបអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត៕Sila Sarin
