ការប្រកួតកីឡាយោធាអបអរសាទរខួបទិវាជ័យជម្នះ៧មករា បិទបញ្ចប់នៅថ្ងៃសុក្រនេះ (Video Inside)
ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា បានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
កម្ពុជាបានបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ រយៈពេល២ឆ្នាំមកហើយដោយសារវិបត្តិឆ្លង នៃជម្ងឺកូវីដ១៩។ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដែលមានការចូលរួមពី២៧ក្រុម មកពីកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ជាមួយនឹងកីឡាករសរុបចំនួន២៧០ រូប គឺជាលើកដំបូងហើយបន្ទាប់ ពីកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងកូវីដ ១៩នេះបានវិញ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត។