មួយឆ្នាំចាប់គ្រឿងញៀនបានជាង១៤តោន (Video Inside)
ការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកនេះ បានចាប់សារធាតុញៀន សរុបជាង១៤តោន និងបានឃាត់ខ្លួនមនុស្ស១ម៉ឺន៤ពាន់៧៨៤នាក់។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមមនុស្សឃាត់ខ្លួនទាំងនោះរួមមានជនបរទេស២៥៩នាក់ ដែលមាន៩សញ្ជាតិ។ ចំណែកសារធាតុញៀនជាង១៤តោន ដែលសមត្ថកិច្ចបានចាប់នោះរួមមានដើមកញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាស្ងួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។
សមត្ថកិច្ចបានចាប់មធ្យោបាយដឹកគ្រឿងញៀនរួមមាន រថយន្ត ១៤៤គ្រឿង, ម៉ូតូ១ពាន់៤៣៦គ្រឿង, ទូរស័ព្ទ ៥ពាន់៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥ គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង៦៤ដើម, គ្រាប់កែកែច្នៃ៣៩ដើម, គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់ វៀតណាម ២៨លានដុង និងប្រាក់យ័នចិនចំនួន ៧០០យ័ន។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងប្រៀបធៀបថាការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ បទល្មើសមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួន១៤តោន…ចំណែកការចាប់ក្នុងឆ្នាំ២០២១ មានតែជាង៤តោននោះទេ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២១ ការឃាត់មនុស្សសង្ស័យគ្រឿងញៀនមានចំនួន ១ម៉ឺន៣ពាន់ ៧៦៥នាក់។