ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅលោកមឿន តុលា, វន់ ពៅ និងថេង សាវឿន ចូលបំភ្លឺ
ភ្នំពេញ៖ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី និងលោក ថេង សាវឿន ប្រធានសមាគម-CCFC នឹងធ្វើការចូលឆ្លើយបំភ្លឺតាមការអញ្ជើញនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំភ្លឺលើការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។
តាមលិខិតអញ្ជើញរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ត្រូវចូលបំភ្លឺនៅវេលាម៉ោង៨:៣០នាទីព្រឹក។ លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គីចូលបំភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទីរសៀល។ លោក ថេង សាវឿន ប្រធានសមាគមកសិករ ចូលបំភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០ព្រឹក ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ផងដែរ៕
ដោយ៖ពលជ័យ





