សម្ដេចក្រឡាហោម៖ រាជរដ្ឋាភិបាលបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នីតិរដ្ឋ និងលំហនយោបាយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច និងបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នីតិរដ្ឋ និងលំហនយោបាយ តាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធនានា ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តសេដ្ឋកិច្ចសង្គម ប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោមបានបន្តថា អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាព តាមរយៈការចូលរួមស្វែងរកដំណោះស្រាយដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំសុខភាព និងបរិស្ថានជាដើម។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូឆ្នាំ ឆ្នាំ២០២២នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៦.១០៩ ក្នុងនោះ សមាគម ចំនួន ២.៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៤៦៨។ បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាន កាលពីឆ្នាំ២០១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប១.៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះ សមាគម ៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៨៨។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ជាក់ស្ដែងសមិទ្ធផល នៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ គឺរួមមានទាំងភាពជោគជ័យ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ ជាងនេះទៀត សម្តេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាមានការចូលរួមចំណែកគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះ មានដៃគូអភិវឌ្ឍ វិស័យឯកជន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងគាំទ្រវិស័យសេវាសង្គមនានា នៅតាមមូលដ្ឋាន ជនបទ និងសហគមន៍ ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

ads banner