រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការបញ្ជាក់នេះ ក្នុងអំឡុងពេលដែលឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកសរសើរចំពោះការរួមចំណែករបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋទូត Haseng បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

ចំពោះវិស័យសេដ្ឋកិច្ច ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះការចាប់ដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner