ឃុំនិងភូមិមួយចំនួនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រកាសជាភូមិអស់មីន (Video Inside)
ឃុំនិងភូមិមួយចំនួនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាភូមិអស់មីននាដើមឆ្នាំនេះ បើទោះបីជាខេត្តកំពង់ស្ពឺនៅមិនទាន់ដោះអស់គ្រាប់មីនទាំងស្រុងក៏ដោយ។ ឃុំនិងភូមិ ដែលត្រូវបានប្រកាសជាភូមិអស់មីននាដើមឆ្នាំ២០២៣នេះ គឺមានឃុំស្ដុក និងភូមិចំនួន បី ទៀត ក្នុងឃុំស្រង់ គឺភូមិអង្គដូនតី, ភូមិត្រពាំងថ្ម និងភូមិរលាំងទឹក ដែលពីអតីតកាលគឺជាទីសមរភូមិ ប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា។
ពិធីអបអរប្រកាសជាភូមិនិងឃុំអស់មីនក្នុងភូមិឃុំ ទាំងនេះ បានធ្វើនៅថ្ងៃទី១០មករា ឆ្នាំ២០២២ ក្រោយវត្តមានចូលរួមទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។
លោកលីធុជ បានថ្លែងថា «នេះជាជំហានមួយបន្ថែមទៀត ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យ មានសុវត្ថិភាព និងផ្ដល់ជូនពលរដ្ឋបានប្រើប្រាស់អាស្រ័យផល និងមិនឲ្យមានការព្រួយបារម្ភ នៃការបង្កគ្រោះថ្នាក់ពីកាកសំណល់ពីសម័យសង្គ្រាមទាំងនោះ»ទៀតឡើយ ។
ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានផ្ទៃដីចម្ការមីនសរុបចំនួនជាង ៥៥០ចម្ការ លើផ្ទៃដីចំនួនជាង ៦៦ពាន់ម៉ែត្រការ៉េ។ មន្ត្រីខេត្តបានថ្លែងថាការបោសសំអាតរួចរាល់ជាច្រើន បានធ្វើលើចម្ការ មួយចំនួនរួចមកហើយ និងកម្លាំងនានាកំពុងប្រតិបត្តិការបោសសំអាតបន្តទៀត ។
កម្ពុជានៅសេសសល់ទូទាំងប្រទេសកន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រក្រឡា…ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោសសំអាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូ ម៉ែត្រក្រឡា ដែលនឹងធ្វើឱ្យខេត្តចំនួន១២នឹងក្លាយជាខេត្តអស់គ្រាប់មីន…និងរហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។