មេដឹកនាំគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ
ភ្នំពេញ៖ មេដឹកនាំគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (ខ្មែរ និងហូឡង់) លោកស្រី ពោធិតី សាវត្ថី បានប្រកាសគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកស្រីបានហៅការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការត្រឹមត្រូវ។ នៅក្នុងពេលឆាប់ៗនេះ លោកស្រីនឹងធ្វើសេចក្តីស្នើសុំចូលរួមជំរុញឱ្យធ្វើច្បាប់នេះចេញនៅក្នុងពេលឆាប់ៗ ពីព្រោះស្ថានភាពនយោបាយបច្ចុប្បន្នរបស់ពិភពលោក គឺជារឿងចាំបាច់សម្រាប់បង្កើតច្បាប់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយ និងជាការចាំបាច់ពង្រឹងស្ថេរភាពនយោបាយ និងសន្តិសុខរបស់សង្គមជាតិខ្មែរទាំងងមូល និងដើម្បីកុំឱ្យបរទេសលូកដៃចូលកកូរកកាយកិច្ចការផ្ទៃកក្នុរបស់កម្ពុជា។
ការប្រកាសគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោសហើយមានសញ្ជាតិដទៃ។ ការបង្ហាញបំណងបែបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមករានេះថា លោកស្រីគាំទ្រចំពោះបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ពីព្រោះប្រទេសណាក៏ដោយគេអត់មានអ្នកនយោបាយ ឬក៏តំណាងរាស្ត្រមានសញ្ជាតិពីរទេ។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជារឿងត្រឹមត្រូវ។ លោកស្រីបានបញ្ជាក់ថា “បើសិនជាច្បាប់នឹងចេញជាធរមាន គឺខ្ញុំនឹងលាលែងពីសញ្ជាតិមួយដើម្បីមកបម្រើជាតិ មាតុភូមិ យើងអត់ស្តាយក្រោយទេ។ គោលនយោបាយរបស់គណបក្សខ្ញុំ គឺអ៊ីចឹងដែរ គឺសញ្ជាតិតែមួយ បច្ចុប្បន្ននេះ ប្រទេសជាតិកំពុងត្រូវការយើងដើម្បីបម្រើសង្គម អ៊ីចឹងវាសំខាន់ណាស់ ពីព្រោះវាជារឿងសំខាន់សម្រាប់ប្រទេសជាតិ ហើយធានាសន្តិសុខ ដល់មាតុភូមិយើង ហើយបរទេសអត់បន្លំយើងបានទេ”។ លោកស្រីបានបញ្ជាក់ថា “ខ្ញុំសូមគាំទ្រនូវគំនិតយោបល់សម្តេចតេជោ គឺគាំទ្រ១០០% តែម្តង ពីព្រោះគំនិតនេះ ធ្វើដើម្បីពង្រឹងសន្តិសុខជាតិ ហើយធានានូវសុវត្ថិភាព នៃប្រទេសជាតិទៅថ្ងៃអនាគត។ ច្បាប់នេះចូលជាធរមានឆាប់កាលណា ល្អកាលហ្នឹងសម្រាប់ខ្ញុំ។ ខ្ញុំនឹងធ្វើតាម គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ខ្ញុំនឹងត្រឡប់ទៅហូឡង់សុំលាសញ្ជាតិហូឡង់តែម្តង ដើម្បីមកបម្រើជាតិ ពូជសាសន៍របស់ខ្ញុំ ប្រជាពលរដ្ឋក៏ត្រូវការខ្ញុំ អ៊ីចឹងខ្ញុំលះបង់សញ្ជាតិដទៃមួយមិនជាបញ្ហាធំដុំទេ”។
លោកស្រីប្រធានគណបក្សធម្មាធិបតេយ្យ បានអះអាងថា នៅថ្ងៃស្អែក (១២ មករា) លោកស្រីនឹងធ្វើសេចក្តីស្នើសុំជំរុញឱ្យច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ស្ថានភាពនយោបាយបច្ចុប្បន្នរបស់ពិភពលោកជារឿងចាំបាច់សម្រាប់បង្កើតច្បាប់សញ្ជាតិមួយសម្រាប់អ្នកនយោបាយ និងជាការចាំបាច់សម្រាប់ពង្រឹងស្ថេរភាពនយោបាយ និងសន្តិសុខរបស់សង្គមជាតិខ្មែរទាំងមូល ដើម្បីកុំឱ្យបរទេសលូកដៃចូលកកូរកកាយរឿងផ្ទៃក្នុងរបស់កម្ពុជា។ នៅថ្ងៃស្អែកនេះ លោកស្រីនឹងធ្វើញ្ញត្តិស្នើសុំ និងគាំទ្រនូវការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រីពិតជាមានសញ្ជាតិពីរ តែបើសិនជាច្បាប់នឹងចេញជាផ្លូវការ លោកស្រីនឹងជិះយន្តហោះទៅហហូឡង់សុំលាលែងសញ្ជាតិតែម្តង ដើម្បីស្ថេរភាពនយោបាយ ដើម្បីរក្សាសន្តិភាព ស្ថេរភាពក្នុងសង្គមជាតិយើង គឺយើងត្រូវតែលះបង់ដើម្បីសេចក្តីសុខនគរមួយទាំងមូល។
សូមជម្រាបថា ក្នុងពីធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោស ហើយមានសញ្ជាតិដទៃ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់អគ្គរដ្ឋទូតប្រទេសមួយ ដោយសារតែគេចូលនិយាយថា អ្នកមានសញ្ជាតិនេះ សញ្ជាតិនោះ ត្រូវទទួលការប្តឹងផ្តល់ ឬជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូចនេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយម្តងឱ្យវាពិបាក…! ដល់ពេលវាជាប់ទោស អគ្គរដ្ឋទូតថា អាហ្នឹងជាសញ្ជាតិរបស់អ្នកនោះ បើអ៊ឹចឹងទេយើង បញ្ចប់តែម្តងអ្នកធ្វើនយោបាយទាំងឡាយ គឺសញ្ជាតិខ្មែរទាំងអស់»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅកាន់មិត្តភក្តិបរទេសទាំងឡាយ ត្រូវយល់ឱ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀតអំពីបញ្ហារឿងសញ្ជាតិរបស់ប្រជាពលរដ្ឋកម្ពុជា។ «ឥឡូវប្រជាពលរដ្ឋអ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺជាពលរដ្ឋកម្ពុជា មិនអាចឱ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាក៏នឹងពិចារណាតទៅទៀតនៅក្នុងនៅក្នុងច្បាប់ធម្មនុញ្ញ តម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយត្រូវមានសញ្ជាតិតែមួយ ការពិចារណាបែបនេះ គឺដើម្បីកុំឱ្យបរទេសបណ្តុះបណ្តាលអ្នកនយោបាយដែលមានសញ្ជាតិ២ មកលូកលាន់កិច្ចការនយោបាយនៅកម្ពុជា ជាពិសេសមកលូកលាន់ក្នុងការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានប្រទេសចំនួនប៉ុន្មានដែលអនុញ្ញាតឱ្យអ្នកមានសញ្ជាតិ២ ធ្វើសកម្មភាពនយោបាយ?។ សម្រាប់កម្ពុជា បច្ចុប្បន្ននេះ គឺកម្ពុជា ហាមឃាត់មនុស្សចំនួន១៣នាក់ទេ ឱ្យមានសញ្ជាតិតែមួយគឺ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ប៉ុន្តែបើអ្នកឯងនៅតែសាំតាប៉ែ អានេះសញ្ជាតិខ្ញុំ ខ្ញុំនឹងពិនិត្យមើលគណបក្សប្រជាជននៅមានលទ្ធភាព ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុញ្ជាតិមួយសម្រាប់អ្នកធ្វើនយោបាយនៅស្រុកខ្មែរ ដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលវាពាក់ព័ន្ធ»។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏មានសញ្ជាតិ២ផងដែរ ប៉ុន្តែ មន្ត្រីរបស់គណបក្សប្រជាជនអាចលះបង់នូវសញ្ជាតិបរទេសបាន ដើម្បីដោះស្រាយការលំបាកមួយចំនួនដែលបរទេសតែងតែយកបញ្ហាសញ្ជាតិនេះ មកលូកលាន់បញ្ហានយោបាយនៅកម្ពុជា៕
ដោយ៖ពលជ័យ