គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្តឹងលោក គង់ គាំ ទៅតុលាការ និងទាមទារសំណងជំងឺចិត្ត៥សែនដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានដាក់ពាក្យបណ្តឹងប្តឹងលោក គង់ គាំ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរ ចលាចលអន្តិសុខសង្គម និងទាមទារសំណងជំងឺចិត្តចំនួន ៥០០.០០០ដុល្លារ។ ការប្តឹងនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

នៅក្នុងពាក្យបណ្តឹងរបស់តំណាងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានជម្រាបជូនព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ គង់ គាំ បាននិយាយក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានខ្លឹមសារថា “លោកអនុប្រធាន ចេប គឹមអ៊ាង ចង់ឈ្នះដល់ទៅប្រាំមួយ ប៉ិនខ្ញុំថាឱ្យតែពាក់កណ្តាលថែម១ គឺឈ្នះហើយ ប្រាំក៏បានដែរ ដូច្នេះបើប្រាំបី ប្រាំហ្នឹងវាឈ្នះបាត់ហើយ ហ៊ីអំណោយគណបក្សប្រជាជនចាញ់ហ្នឹង សល់ប៉ុន្មានយកទៅ ខ្ញុំមិនចង់សំណេះសំណាលវែងទេប៉ុន្តែថ្ងៃនេះ គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ យើងរំលឹកថ្ងៃឈ្នះ ទាំងគណបក្សប្រជាជន ទាំងគណបក្សភ្លើងទៀន ជួបគ្នាថ្ងៃនេះរំលឹកគ្នា រំលឹកថា ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ ខ្ញុំមិនដឹងទេ ខ្ញុំធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹង គេប្រាប់ខ្ញុំផឹកទឹកឱ្យនឹកប្រភព នំប្រភពឯជើង នំឆ្ងាយកើតហើយ អ្នកដាំគេដុះពុកមាត់បរទេស ឥឡូវមិនរំលឹក អ៊ីទៀតទេ រំលឹកអ៊ីរំលឹកទៅ នរណាដាំៗទៅ គិតតែគណបក្សភ្លើងទៀនទេ ដឹងប្រភពគណបក្សភ្លើងទៀនទេ ប្រភពរបស់គណបក្សភ្លើងទៀន គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ប្រភពរបស់គណបក្សភ្លើងទៀនគឺ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣ ប្រភពរបស់គណបក្សភ្លើងទៀនឥឡូវហ្នឹង ថ្ងៃមុននោះ បានធ្វើខួប២៧ឆ្នាំ កំណើតរបស់គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ អត់នៅបរទេស ហើយអ្នកណាអ្នកដាំគណបក្សភ្លើងទៀន គឺជាអ្នកប្រជាធិបតេយ្យសេរីខ្មែរយើង ដែលយើងទាំងអស់គ្នាហ្នឹង ជាអ្នកដាំគណបក្សភ្លើងទៀន ដូច្នេះ សូមឱ្យចងចាំផឹកទឹកឱ្យមើលប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ ឱ្យដឹងថាខ្លួនឯងជាអ្នកដាំ កម្ពុជាខ្មែរ ជាប្រភព ដូច្នេះសូមទាំងអស់គ្នាបន្លឺសំឡេងតាមខ្ញុំប៉ុន្មានម៉ាត់ដូចតទៅនេះ គំនិតខ្មែរកើត កំណើតខ្មែរមានជួយគណបក្សទៀន គឺជួយខ្លួនយើង ជួយគណបក្សទៀនគឺជួយជាតិមាតុភូមិយើង ជយោគណបក្សភ្លើង ទៀន! អរគុណច្រើន។ បន្ថែមបន្តិចទៀតចុះ បន្ថែមយ៉ាងម៉េច? ពាក្យជ័យជម្នះ ទាំងអស់គ្នាចង់ផ្លាស់ប្ដូរអត់?។ ទាំងអស់គ្នាចង់ឈ្នះអត់? ផ្លាស់ប្តូរឈ្នះ គ្រាន់តែជាទ្រឹស្ដីទេ គ្រាន់តែជាទឹកចិត្តទេ បើចង់ផ្លាស់ប្តូរមែនទែន? ចង់ឈ្នះមែនទែន? ត្រូវតែប្តេជ្ញា ត្រឹមត្រូវណាស់អ្នកមានប្រសាសន៍ ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ប្តេជ្ញាយកប្រាំអាសនៈលើប្រាំបីអាសនៈឬទេ? ប្តូរមិនប្តូរ? យកមិនយក? យកប៉ុន្មាន? ប្រាំ ប្តេជ្ញាៗ! ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំប្តេជ្ញាហើយ សុំសួរតិច? ក្រុងសួងមកទេ ក្រុងសួង? លើសពាក់កណ្ដាល ប្តេជ្ញាទេ? ប្តេជ្ញា ដូច្នេះ ក្រុងសួងត្រូវតែលើសពាក់កណ្តាលបានឈ្នះ ខេត្តត្បូងឃ្មុំ… ស្រុកត្បូងឃ្មុំ! ជយោ! គណបក្សភ្លើងទៀនស្រុកត្បូងឃ្មុំ ស្រុកត្បូងឃ្មុំប្តេជ្ញាទេ? ត្រូវតែឈ្នះ! ផ្លាស់ប្តូរ! អរគុណ! ស្រុកអូររាំងឪ មកទេ? អូររាំងឪប្តេជ្ញាទេ?ប្តេជ្ញា ឈ្នះទេ?ឈ្នះ! ផ្លាស់ប្តូរទេ? ផ្លាស់ប្តូរត្រូវតែឈ្នះ អរគុណច្រើន ស្រុក ក្រូចឆ្មារ អញ្ជើញមកទេ? ប្តេជ្ញាទេ? ប្តេជ្ញា! ផ្លាស់ប្តូរទេ? ផ្លាស់ប្តូរ! ឈ្នះទេ? ឈ្នះ អរគុណច្រើនត្រូវប្រឹងប្រែង។

តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ចំពោះសម្ដីរបស់ឈ្មោះ គង់ គាំ ពិតជាបានឆ្លុះបញ្ចាំអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើមាត្រា ៦-ថ្មី (ពីរ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤២ នៃ ច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះ តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានសំណូមពរ ចំពោះព្រះរាជអាជ្ញាសុំឱ្យពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើឈ្មោះ គង់ គាំ តាមបញ្ញតិនៃក្រមព្រហ្មទណ្ឌ។ បង្គាប់ឱ្យឈ្មោះ គង់ គាំ បង់សំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារ (ប្រាំរយពាន់ដុល្លារ សហរដ្ឋអាមេរិក) ឱ្យទៅគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ៕
ដោយ៖ពលជ័យ

ads banner