កម្ពុជា និងតួកគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្មនៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបជាមួយនឹងលោករដ្ឋមន្ត្រីវ៉ាហ៊ីត គីរីស៊ី បានធ្វើនៅថ្ងៃទី១១ មករា នៅវិមានសន្តិភាព ដែលជំនួបបានផ្តោតលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន។

ជំនួយការផ្ទាល់សម្ដេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងថាលោករដ្ឋមន្ត្រីកសិកម្មតួកគី បានជំរាបសម្តេចតេជោថាដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។

រដ្ឋមន្ត្រីកសិកម្មតួកគី បានថ្លែងថាកម្ពុជានិងតួគី មានសក្ដានុពលច្រើនដែលអាច ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការកែច្នៃ ផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យ សំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារនិងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហា រូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត វិញថាគេ គប្បីលើកទឹកចិត្ត ឱ្យមានអ្នកវិនិយោគតួកគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីន សម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀត ផង។

សម្ដេចបន្តថា កម្ពុជាមានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។ សម្ដេចតេជោ នៅបានបញ្ជាក់ទៀតថាគេ គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និង លើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរទៀតផង ៕

ads banner