បណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ពោធ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជា ឧទាហរណ៍គំរូមួយទៀតនៃមិត្តភាពដែកថែបកម្ពុជា-ចិន។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមសម្ពោធជាមួយ នឹងរដ្ឋមន្ត្រីចិនលោកលីវ ជានឆាវ Liu Jianchao ដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-។

លោក លីវ ជានឆាវ គឺជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធវេលាព្រឹកថ្ងៃទី១១មករា បានប្រព្រឹត្តទៅនៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍, ទស្សនាទាន, និងវប្បធម៌ រវាងយុវជន នៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគត រួមគ្នាស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។

លោកបានបន្តថាវេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍, ការផ្លាស់ប្តូរ ទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្ត កម្ពុជា។

លោកបានបញ្ជាក់ទៀតថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយ ទៀតនៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតាងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជា មិត្តរវាងយុវជនជំនាន់ក្រោយក្នុងនាមជា «មិត្តល្អ និងជាដៃគូល្អ»។

បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន, ប្រទេសនិងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរ នៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ មិនថាការលំបាកយ៉ាង ណាក៏ដោយ។

ads banner