លោកស្រី ពោធិតី សាវត្ថី ប្រធាន​​គណបក្សធម្មាធិប​តេយ្យ​ដែលមានសញ្ជាតិពីរប្រកាសគាំទ្រការធ្វើច្បាប់​ឱ្យអ្នកនយោបាយ​នៅកម្ពុជាមានសញ្ជាតិតែមួយ

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិខ្មែរ និងហូឡង់ដ៏)បាន​ប្រកាសគាំទ្រទាំងស្រុងនូវគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលមានបំណងចង់ធ្វើច្បាប់ឱ្យ​អ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ (ខ្មែរពីកំណើត) ពីព្រោះការលើកឡើងរបស់សម្តេចតេជោ គឺជាការត្រឹមត្រូវ និងស្នើសុំសូមចូលរួមជំរុញឱ្យធ្វើច្បាប់នេះឱ្យចេញនៅក្នុងពេលឆាប់ៗ ។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ(រ៊៊ូបថតឯកសារ)

យោងតាមញត្តិគាំទ្រនិងសំណើសុំចូលរួមជំរុញបង្កើតច្បាប់សញ្ជាតិខ្មែរ (ខ្មែរពីកំណើត)​តែមួយសម្រាប់អ្នកនយោបាយទាំង​ឡាយ និងកងកម្លាំងប្រដាប់អាវុធ របស់លោកស្រីគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី ១២ ខែមករានេះបាន​​​​​​លើក​​ឡើងថា ៖កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាស​ដែលសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និង​លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់​ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេច​តេជោបានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នក​នយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ មានដូចជា យោធា នគរបាល កងរាជអាវុធហត្ថជាដើម មានសញ្ជាតិ​ខ្មែរ​តែមួយ។ ការចង់​ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់​នឹងបរទេស​មួយចំនួនយកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការ​ច្បាប់​​កម្ពុជាចំពោះ​អ្នក​មានទោស ហើយមានសញ្ជាតិដទៃ។

ញត្តិបានបន្តថា យោងតាមខ្លឹមសារខាងលើនេះ នាងខ្ញុំជាប្រធានគណបក្សធម្មា-​ធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិ ខ្មែរ និងហូឡង់ដ៏) សូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជាដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ (ខ្មែរពីកំណើត) ពីព្រោះការ​លើក​ឡើងរបស់ សម្តេចតេជោ នេះ គឺជាការត្រឹមត្រូវ និងស្នើ​សុំ សូមចូលរួមជំរុញឱ្យធ្វើច្បាប់នេះ ចេញនៅក្នុងពេលឆាប់ៗ ពីព្រោះ​ស្ថានភាពនយោ​បាយ​បច្ចុប្បន្នរបស់ពិភពលោកគឺជារឿងចាំបាច់ សម្រាប់បង្កើតច្បាប់សញ្ជាតិតែមួយ (ខ្មែរពីកំណើត) សម្រាប់អ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ មានដូចជា យោធា នគរបាល កងរាជ​អាវុធហត្ថជាដើម ដើម្បីជាការចាំបាច់ពង្រឹងស្ថេរភាពនយោបាយ និង សន្តិសុខរបស់សង្គមជាតិខ្មែរទាំងមូល និងដើម្បី​កុំឱ្យបរទេសលូក​ដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងបំណងរក្សាសន្តិភាព និងសេចក្តីសុខដល់មាតុភូមិ​កម្ពុជាទាំងមូល នៃយើងទាំងអស់គ្នា៕ដោយ៖ពលជ័យ

ads banner