ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road លំដាប់អន្តរជាតិ ត្រៀមចាប់ផ្ដើមចាប់ពីថ្ងៃស្អែកនេះ លើទឹកដីមណ្ឌលគិរី

(មណ្ឌលគិរី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី១៣ ខែមករាស្អែកនេះហើយ នៅលើទឹកដីខេត្តមណ្ឌលគិរី ដែលជាព្រឹត្តិការណ៍ប្រណាំងយានយន្តលំដាប់អន្តរជាតិដ៏ធំមួយមិនធ្លាប់មានពីមុននៅកម្ពុជា។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងយានយន្តលំដាប់អន្តរជាតិនេះធ្វើឡើងក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា នៅក្នុងទីលាន១២ម៉ូទ័រផាក ចម្ងាយ១២គីឡូម៉ែត្រពីវិមានឯករាជ្យ ទីរួមខេត្តមណ្ឌលគិរី។

លោក ចាន់ វិចិត្រ ប្រធានផ្នែកទទួលបន្ទុកខ្លឹមសារផ្សព្វផ្សាយនៃព្រឹត្តិការណ៍ បានឱ្យដឹងថា ការប្រណាំងយានយន្តនេះត្រូវបានបែងចែកជា៣ផ្នែក រួមមាន ផ្នែករថយន្ត Rally ផ្នែករថយន្ត Off Road និងផ្នែកម៉ូតូ Cross ដែលសុទ្ធតែជាកីឡាដ៏ពេញនិយមនៅលើពិភពលោក ហើយទើបតែមានលើកដំបូងនៅប្រទេសកម្ពុជា។

លោក ចាន់ វិចិត្រ បានបន្តថា ផ្នែកប្រណាំងរថយន្ត Rally មានរថយន្តចូលរួមប្រណាំងចំនួន១៩គ្រឿង មានរយៈពេលកន្លះថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ចំពោះផ្នែកប្រណាំងរថយន្ត Off Road មានរថយន្តចូលរួមប្រណាំងចំនួន៦៧គ្រឿង មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៣។ ក្នុងការប្រកួតរថយន្ត Off Road នេះដែរ គឺត្រូវបានបែងចែកជា៣ប្រភេទ (Class) រួមមាន Class A សម្រាប់កីឡាករជំនាញ (Hard core), Class B កីឡាករមធ្យម (Light core) និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland)។

លោកប្រធានបន្តទៀតថា ចំពោះផ្នែកប្រណាំងម៉ូតូ Cross គឺមានម៉ូតូចូលរួមប្រណាំងចំនួន១១៥គ្រឿង ដែលមានរយៈពេលត្រឹមកន្លះថ្ងៃប៉ុណ្ណោះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross បានគូសបញ្ជាក់ថា ការប្រកួតនេះមានកីឡាករជាតិនិងអន្តរជាតិដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេស ដូចជាមកពីប្រទេសបារាំង ស្កុតលែន វៀតណម ថៃ កូរ៉េជាដើម។ លោកថា ការប្រកួតត្រូវបានចែកចេញជា ៥ Class ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។

លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ក៏បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road នេះ ក៏ដើម្បីអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាកផងដែរ ដែលជាទីលានប្រកួតកីឡាប្រណាំងយានយន្តប្រកបដោយលក្ខណៈស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា។

លោក ឡយ ភាល័យ ប្រធានក្រុមការងារ Camcar និងជាក្រុមការងារទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា ទីលាន១២ម៉ូទ័រផាកនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ៩៣ហិកតា ដែលជាទីលានធំជាងគេនិងលេខ១នៅកម្ពុជា ជាមួយនឹងផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ សរុបជាង១០ខ្សែ ដែលអាចប្រណាំងបានគ្រប់ស្ថានភាពផ្លូវ គ្រប់រសជាតិ ថ្ម ទឹក ភក់ បត់កាច់កោងជាដើម ដូចទៅនឹងអ្វីដែលអ្នកជំនាញប្រណាំងរថយន្ត Off Road រូបនេះ ធ្លាប់ឆ្លងកាត់ប្រណាំងជាច្រើនប្រទេសក្នុងតំបន់អាស៊ាន។

លោក ភាល័យ បានបន្តថា តាមរយៈព្រឹត្តិការណ៍នាពេលខាងមុខនេះ មជ្ឈដ្ឋានអន្តរជាតិ ពិសេសក្នុងតំបន់អាស៊ាននឹងដឹងថាកម្ពុជាមានទីលានប្រណាំងកីឡាយានយន្តស្ដង់ដាអន្តរជាតិ ដែលអាចរៀបចំការប្រកួតដូចនៅបរទេស។

លោក វង្ស គីមហួត ដែលជាកីឡាករប្រណាំងរថយន្តឆ្នើមរបស់កម្ពុជា និងជាសមាភាពគណៈកម្មការមួយរូបដែរនោះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះកីឡាយានយន្តដ៏ធំមានបណ្តុំច្រើនផ្នែក មិនថាប្រភេទ Rally ឬ Off Road និងកីឡាប្រណាំងម៉ូតូ បានចូលរួមអភិវឌ្ឍវិស័យកីឡាយានយន្តឱ្យកាន់តែរីកចម្រើន ជាពិសេសសបណ្តុះបណ្តាលធនធានកីឡាយានយន្តឲ្យកាន់តែរីកច្រើន និងថែមទាំងបានជួយរួមចំណែកដល់ការអភិវឌ្ឍនឹងទាក់ទាញទេសចរមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរីផងដែរ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបង្ហាញការស្វាគមន៍ព្រឹត្តិការណ៍នេះយ៉ាងពេញទំហឹង និងជឿជាក់ថាតាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ នឹងចូលរួមផ្សព្វផ្សាយពីសក្ដានុពលកីឡា និងទេសចរណ៍នៅក្នុងខេត្តទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តនានា និងមកក្រៅប្រទេសមកដល់ខេត្តមណ្ឌលគិរី ហើយរុញចរន្តភ្ញៀវទេសចរទាំងនោះទៅកាន់គោលដៅទេសចរណ៍នានាក្នុងខេត្តមួយនេះ ដូចជា ទឹកធ្លាក់ វាលស្មៅ រីស៊ត រមណីយដ្ឋាន ក៏ដូចជាជួយដល់សេវាស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី និងគោលដៅទេសចរណ៍នាភាគឦសាន៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner