តុលាការចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ
ភ្នំពេញ៖ នៅទីបំផុត ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។ នេះបើយោងតាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលចេញដោយលោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យសហកូនបំណុលធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយអច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) លេខក្បាលដី ១១៣ មានទំហំ ៥២៨០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
យោងតាមដីកាដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្រេច៖
១៖ ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ។
២៖ ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី៕
ដោយ៖ពលជ័យ



