លោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ
ភ្នំពេញ៖ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោក គង់ គាំ ជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
លោក គង់ គាំ បានបញ្ជាក់ថា “ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។ ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ”។
ទាក់ទងករណីនេះ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់ លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។ នេះបេីយោងតាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលចេញដោយលោកសាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិន ឱ្យសហកូនបំណុលធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬ ដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) លេខក្បាលដី ១១៣ មានទំហំ ៥២៨០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។
យោងតាមដីកាដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន នេះ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្រេច ៖
១៖ ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ។
២៖ ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី៕
ដោយ៖ពលជ័យ
