ប្រទេសន័រវ៉េសផ្តល់ជំនួយជិត២០ម៉ឺនដុល្លារដល់ការដោះមីនកម្ពុជា (Video Inside)
ប្រទេសន័រវែស បានផ្ដល់ជំនួយដល់កម្ពុជាជិត ២០ម៉ឺនដុល្លារ ដើម្បីពង្រឹងសមត្ថភាពសកម្មភាពមីន។ ការផ្តល់ជំនួយរបស់ប្រទេសន័រវែស បានធ្វើឡើងតាមរយៈអង្គការជំនួយ នៃប្រជាពលរដ្ឋន័រវែសហៅកាត់ថា NPA។
ពិធីចុះអនុស្សារណៈយោគយល់គ្នាដើម្បីការទទួលជំនួយ នេះ បានធ្វើនៅថ្ងៃទី១២ធ្នូឆ្នាំ២០២២ រវាងអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងតំណាងអង្គការ NPA ក្នុងប្រទេសកម្ពុជា។
លោក លី ធុជ បានចាត់ទុកអង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ ដែលបានជួយគាំទ្រកម្ពុជា ទាំងការបង្កើនសមត្ថភាព និងតាមរយៈជំនួយហិរញ្ញវត្ថុដ៏សប្បុរស ក្នុងគោលបំណងធានាថា អាជ្ញាធរមីន មានសមត្ថភាព និងរឹងមាំក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅ កម្ពុជា ប្រកបដោយប្រសិទ្ធភាព។
អង្គការជំនួយនៃប្រជាពលរដ្ឋន័រវែស NPA គឺជាអង្គការដែលជួយពលរដ្ឋបំបាត់គ្រាប់មីនក្នុងសហគមន៍។ អង្គការនេះ បានធ្វើកិច្ចការជួយដោះមីននេះតាំងពីឆ្នាំ១៩៩២។ កម្ពុជាបានដាក់ ចេញនូវផែនការធ្វើឱ្យប្រទេសអស់មីនទាំងស្រុងក្នុងឆ្នាំ២០២៥។