សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី យុទ្ធសាស្ដ្រនយោបាយព័ត៌មាន
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ននានា មន្ដ្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ជម្រាបជូនសម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី“យុទ្ធសាស្រ្តនយោបាយព័ត៌មាន” រយៈពេល ១ថ្ងៃពេញនេះ រៀបចំឡើងមានគោលបំណងស្នូល គឺដើម្បីពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់នូវសមិទ្ធផលដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។
ឯកឧត្តម មានប្រសាសន៍ជម្រាបជូនបន្តថា កិច្ចប្រជុំនេះក៏មានគោលបំណងក្នុងការផ្សព្វផ្សាយបំផុសស្មារតី នយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ ដើម្បីបង្ហាញចេញនូវដំណោះស្រាយ នៃបញ្ហាប្រឈមនានា តាមរយៈវេទិកាសាធារណៈ និងតាមរលកធាតុអាកាសដែលរួមមាន វិទ្យុ និងប្រព័ន្ធអេឡិចត្រូនិក ដែលជាគោលនយោបាយក្នុងកិច្ចបង្កើនគុណភាព បង្កើតបាននូវលំហប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះ នៃកិច្ចផ្តល់សេវាកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវក្តីសោមនស្សរីករាយ និងគាំទ្រនូវខ្លឹមសារដែលអង្គប្រជុំទាំងមូលបានលើកឡើង ព្រមទាំងបានពិភាក្សាគ្នាយ៉ាងផុសផុល។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែល នាំឱ្យយើងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចល្អ»។
សម្ដេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានបង្កើត និងអនុវត្តនូវគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃការធ្វើកំណែទម្រង់អភិបាលកិច្ច ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីថែរក្សាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានភាពរុងរឿង សម្បូរសប្បាយ។ ទន្ទឹមនេះ សម្តេចក្រឡាហោម បានលើកឡើងនូវពាក្យស្លោក «អរគុណសន្តិភាព អរគុណ នយោបាយ ឈ្នះ ឈ្នះ» ដែលបានក្លាយជាស្មារតីជាតិដ៏ខ្លាំងក្លា និងរស់រវើក នៅក្នុងដំណើរការកសាង និងការពារមាតុភូមិ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា «បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ»។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀតថា ឆ្លងកាត់ដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ន កម្ពុជាបានដើរដល់របត់ថ្មីមួយ នៃការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលធ្វើឱ្យរាជរដ្ឋាភិបាលទទួលបាននូវ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ តាមរយៈការធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានដែលខ្លួនរស់នៅប្រកបដោយការទទួលខុសត្រូវ គណនេយ្យភាព តម្លាភាព ជាមួយរដ្ឋបាលមូលដ្ឋានរបស់ខ្លួន។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា វិស័យព័ត៌មាន ត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម បន្តថា ព័ត៌មាន ជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋ បានដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ លើសពីនេះ ព័ត៌មាន ក៏ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិមាតុភូមិ។
ទន្ទឹមនេះ សម្ដេចក្រឡាហោម បន្ដទៀតថា រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈម ការលំបាក ក៏ដូចជាសំណូមពរផ្សេងៗ សម្រាប់ទុកជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ ៕ ដោយ-រ៉ាវុធ


