ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី ត្រូវបានបើកជាផ្លូវការ ជាមួយអ្នកចូលរួម២៥០០នាក់

(មណ្ឌលគិរី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ ត្រូវបានបើកជាផ្លូវការតាមការគ្រោងទុកនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ីទ័រផាក ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះដែរ ក៏ដើម្បីអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រកួតកីឡាប្រណាំងយានយន្តប្រកបដោយលក្ខណៈស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា។

ក្នុងពិធីបើកព្រឹត្តិការណ៍នេះមានការចូលរួមជាអធិបតីភាពពីសំណាក់លោក ងិន សុខវិមាន អភិបាលរងខេត្តមណ្ឌលគិរី លោក ទៀ ស្យាម ប្រធានសហព័ន្ធប្រណាំងម៉ូតូ Cross លោក រតនា ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចជុំវិញខេត្ត យុវជនស.ស.យ.ក យុវជនកាយឫទ្ធិ សិស្សានិសិស្សក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ បងប្អូនជនជាតិដើម រួមទាំងកីឡាករចូលរួមប្រណាំង សរុបយ៉ាងហោចមិនតិចជាង២៥០០នាក់ឡើយ។

នាឱកាសនោះ លោក ទូច រស្មី អនុប្រធានក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ព្រឹត្តិការប្រណាំងរថយន្ត Off Road នេះ មានកីឡាករជាតិនិងអន្តរជាតិដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេសរាប់រយនាក់ ដូចជាមកពីប្រទេសបារាំង វៀតណម ឡាវ ថៃ កូរ៉េជាដើម។

លោកបានបន្តថា ការប្រណាំងយានយន្តនេះជាកីឡាមួយប្រភេទដែលប្រកួតប្រជែងគ្នាលើការរៀបកម្លាំងម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម ភាពស្វាហាប់ក្នុងការបើកបរនៅពេលជួបបញ្ហា និងភាពឈ្លាសវៃក្នុងការរំដោះរថយន្តចេញពីឧបសគ្គ។ ឧបសគ្គដែលមានក្នុងការប្រកួត គណៈកម្មការតែងតែដក់ស្រង់ចេញអំពីជីវភាពរស់នៅ ការធ្វើដំណើរក្នុងព្រៃ ស្ថានភាពជាក់ស្តែង ដើម្បីឱ្យកីឡាករទាំងអស់ប្រកួតប្រជែងដណ្ដើមគ្នាយកជ័យលាភីជូនក្រុម និងប្រទេសរបស់ខ្លួន។

លោក ទូច រស្មី បានបន្តទៀតថា គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានការចាប់អារម្មណ៍លើខេត្តមណ្ឌលគិរី ដែលបានរៀបការប្រកួតកីឡាខ្នាតអន្តរជាតិ ជាពិសេសអាចឱ្យក្រុមកីឡាករជាតិមានទីលានប្រណាំងលក្ខណៈស្តង់ដាអន្តរជាតិ ដូចប្រទេសជឿនលឿនដទៃទៀត។

លោកអនុប្រធានក្លឹបបានបន្ថែមថា ការប្រណាំងយានយន្ត សន្តិភាពនេះ មានវិញ្ញាសាប្រកួតចំនួន៣ប្រភេទផ្សេងៗគ្នា រួមមាន៖

១. កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម មានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core មានរថយន្តប្រទេសកម្ពុជា ចំនួន២៧គ្រឿង និងប្រទេសថៃចំនួន២គ្រឿង, ក្រុមទី២ Light Core មានរថយន្តប្រទេសកម្ពុជាចំនួន១៥គ្រឿង និងប្រទេសវៀតណាមចំនួន១គ្រឿង, ក្រុមទី៣ Overland មានរថយន្តប្រទេសកម្ពុជាចំនួន២២គ្រឿង។

២. កីឡាប្រណាំងរថយន្ត OFF ROAD RALLY មានរថយន្តប្រទេសកម្ពុជាចំនួនសរុប២០គ្រឿង។

៣. កីឡាប្រណាំងម៉ូតូ Cross ចំនួន៥ក្រុម មានម៉ូតូសរុបចំនួន១២១គ្រឿង ក្នុងនោះក្រុមទី១ CLASS A មានម៉ូតូប្រទេសកម្ពុជាចំនួន១០គ្រឿង ប្រទេសថៃចំនួន៣គ្រឿង, ក្រុមទី២ CLASS B មានម៉ូតូប្រទេសកម្ពុជាចំនួន៥០គ្រឿង ប្រទេសបារាំងចំនួន១គ្រឿង និងប្រទេសកូរ៉េចំនួន១គ្រឿង, ក្រុមទី៣ CLASS C មានម៉ូតូប្រទេសកម្ពុជាចំនួន២៨គ្រឿង, ក្រុមទី៤ CLASS VIP មានម៉ូតូប្រទេសកម្ពុជាចំនួន២១គ្រឿង និងប្រទេសថៃចំនួន១គ្រឿង, ក្រុមទី៥ CLASS Kids មានម៉ូតូប្រទេសកម្ពុជាចំនួន៦គ្រឿង។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ងិន សុខវិមាន បានបង្ហាញការស្វាគមន៍ព្រឹត្តិការណ៍នេះយ៉ាងពេញទំហឹង និងជឿជាក់ថាតាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ នឹងចូលរួមផ្សព្វផ្សាយពីសក្ដានុពលកីឡា និងទេសចរណ៍នៅក្នុងខេត្តទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត។

លោកបានបង្ហាញការរំពឹងទុកថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តនានា និងមកក្រៅប្រទេសមកដល់ខេត្តមណ្ឌលគិរី ក៏ដូចជាជួយដល់សេវាស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី។

លោកថា អ្វីដែលពិសេស ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនឹងបានស្គាល់ពីប្រភេទការប្រណាំងយានយន្ត ដែល មានការលំបាក ដូចជាការប្រណាំងរថយន្ត Off Road ការប្រណាំងរថយន្ត Rally និងការប្រណាំងម៉ូតូ Cross ដែលជាប្រភេទកីឡាខ្នាតអន្តរជាតិ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាយានយន្តដ៏ធំនេះត្រូវបានរៀបចំឡើងដោយក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី សហការជាមួយទីលាន១២ម៉ូទ័រផាក (12 Motor Park ) និងមានការចូលរួមសហការរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner