ក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ខ្នាតយក្ស ជាលើកទី៣ ទោះបីជាក្នុងអំឡុងពេលកូវីដ១៩
ព្រះសីហនុ៖នាវាទេសចរណ៍ខ្នាតធំមួយ មានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៦,៧០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ចំនួន ៤២៩នាក់ និងនាវិក៤៣០នាក់ បានចូល ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់ មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុនៅក្នុងរយៈពេលមួយ ថ្ងៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សនេះ បានធ្វើដំណើរ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តពេលធ្វើទេសចរនៅ តាម តំបន់រមណីយដ្ឋាន និង ទីប្រជុំជន សំខាន់ៗក្នុងខេត្ត មុន ចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ។
នៅលើនាវាខ្នាតយក្សនេះ ភ្ញៀវទេសចរ ដែលមានសញ្ជាតិ ច្រើន ជាងគេ គឺជនជាតិអាមេរិកចំនួន ២៥០នាក់, អង់គ្លេសចំនួន ៥០នាក់ និងអូស្ត្រាលីចំនួន ៥៤នាក់។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរ ដែលមក តាមរយៈនាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE បានធ្វើដំណើរទៅដល់កន្លែងកំសាន្តមួយចំនួនដូចជា នៅតាម តំបន់ឆ្នេរ នៅក្នុងទីក្រុងព្រះសីហនុ, នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកបានថ្លែងថា ៖ « ដោយសារតែភ្ញៀវទេសចរចូលមក កម្សាន្ត មានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ដែលពលរដ្ឋនិងអាជីវករ ទទួលបានពីដំណើរកំសាន្តគឺមិនបានច្រើននោះទេ តែយ៉ាង ណាក៏ដោយនេះ ក៏ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍ យើងដែរ។ ហេតុដូចនេះហើយ ទើបមន្ទីរទេសចរណ៍ សហការជា មួយអាជ្ញាធរខេត្ត ធ្វើយ៉ាងណារៀបចំផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរតាមនាវាទេសចរណ៍ខ្នាតយក្សទាំងនោះ ឱ្យមកកម្សាន្តយូរបានជាងនេះ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាន ប្រាប់ឱ្យដឹងដែរថា ការចូលចតនៃនាវាទេសចរណ៍ខ្នាត យក្សនេះ បានបង្ហាញពីសញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។ ម្យ៉ាងវិញទៀត នេះគោលការណ៍ក្នុងការទាក់ទាញទេសចរណ៍ ដោយរាជ រដ្ឋាភិបាល បាននិងកំពុងពិចារណា ទៅលើទេសចរណ៍ រយៈពេល ខ្លី ដែលមានន័យថា ទេសចរដែលមកកំសាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។
លោកបានបន្ថែម ទៀតថា នៅក្នុងករណី ដែលមានការលើក លែងណាមួយ ឬការលើកទឹកចិត្ត នោះនឹងទទួលបានកំណើន ភ្ញៀវទេសចរច្រើនដែរ ដើម្បីឱ្យទេសចរទាំងនោះមានឱកាស បានមកស្គាល់ពីកម្ពុជាកាន់តែច្រើន ជាពិសេសខេត្តព្រះសីហនុ តាមរយៈការចុះកំសាន្តតាមរមណីដ្ឋាននានា ការភ្លក់អាហារ ដ៏ឈ្ងុយឆ្ងាញ់ ខណៈដែលរដ្ឋាភិបាល នឹងទទួលបានប្រាក់ ចំណូលផ្សេងៗខ្លះដែរ ពីការចូលចតរបស់នាវាទាំងនោះ។
លោក ហូ វណ្ឌី បានបញ្ជាក់ថា ៖ «យើងឃើញថា កូវីដនៅមាន ដដែល ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរនោះទេ ដូចពីកាលមិនទាន់ វ៉ាក់សាំងនោះទេ ហើយគួបផ្សំនឹងការជម្រុញឱ្យមានការ ចាក់ វ៉ាក់សាំងឱ្យបានគ្រប់ដូសទៀតនោះ បានជម្រុញដំណើរការនៃការ បើកទទួលទេសចរបរទេសឡើងវិញ ហាក់មានភាពរលូន ដែលអាចនឹងឈានដល់ការកើនឡើងនៃភ្ញៀវទេសចរបរទេសក្នុងឆ្នាំ២០២៣នេះផងដែរ»។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE គឺជានាវាទី៣ ដែលបានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយកាលពីលើកទី១ គឺនាវាទេសចរណ៍ ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ,និងលើកទី២ គឺនាវាទេសចរណ៍ខ្នាតយក្ស ឈ្មោះ NORWEGIAN SPIRIT ៕
ដោយ៖វណ្ណ សុជាតា