កម្ពុជានិងម៉ាល់ឌីវ គ្រោងធ្វើការរួមគ្នាដើម្បីលើក កម្ពស់វិស័យ ទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ម៉ាល់ឌីវ-កម្ពុជា បានឯកភាពគ្នាបង្កើតក្រុមការងាររួមទេសចរណ៍ ក្នុងគោលដៅត្រួតពិនិត្យផែនការអនុវត្តអនុស្សរណៈយោគយល់(MoU)ស្តីពីសហប្រតិបត្តិការវិស័យទេសចរណ៍ទ្វេភាគី ខណៈអ្នកជំនាញរំពឹងថា នឹងជួយជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជានិងម៉ាល់ឌីវ បានជួបពិភាក្សាលើការរៀបចំផែនការកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាទីក្រុងម៉ាល អំឡុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ម៉ាល់ឌីវ។
ភាគីក្រសួងទេសចរណ៍កម្ពុជាដឹកនាំឯកឧត្តមថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីក្រសួងទេសចរណ៍ម៉ាល់ឌីវ ដឹកនាំដោយលោក Ahmed Salih អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ បានពិភាក្សាលើយន្តការរៀបចំបង្កើនកិច្ចសហការទេសចរណ៍នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាល់ឌីលដែលនឹងត្រូវផ្លាស់ប្ដូរគ្នា ដោយរដ្ឋមន្ត្រីទេសចរណ៍ ចំពោះមុខនៃប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅថ្ងៃទី១៦ ខែមករា។
ប្រភពក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ដូច្នេះថា៖«មន្ត្រីជំនាញក៏បានឯកភាពគ្នាបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលនឹងត្រូវពិនិត្យពិភាក្សាដើម្បីរៀបចំផែនការអនុវត្តអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍»។
តាមរយៈជំនួបនៃក្រសួងទេសចរណ៍ម៉ាល់ឌីវ-កម្ពុជា អំឡុងដំណើរទស្សនកិច្ចលោកហ៊ុន សែនជាលើកដំបូងនេះ ភាគីទាំងពីរបានវាយតម្លៃដោយរំពឹងទុកខ្ពស់លើកាលានុវត្តភាពក្នុងការជួយជំរុញលំហូរទេសចរនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈបីថ្ងៃនៅប្រទេសម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដើម្បីចរចានិងចុះហត្ថលេខាលើឯកសារចំនួនប្រាំមួយពាក់ព័ន្ធវិស័យទំនាក់ទំនងការទូត សុខាភិបាល និងទេសចរណ៍ ក្រៅពីនោះលោកហ៊ុន សែន នឹងទទួលជួបថ្នាក់ដឹកនាំប្រទេសម៉ាល់ឌីវមួយចំនួន រួមមាន ប្រធានាធិបតីម៉ាល់ឌីវ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី អនុប្រធានាធិបតីម៉ាល់ឌីវ ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសម៉ាល់ឌីវផងដែរ។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវ ។លោកថា ម៉ាល់ឌីវ ជាគោលដៅទេសចរណ៍ធំរបស់ពិភពលោក ជាស្ថានសួគ៌នៅលើផែនដីសម្រាប់ភ្ញៀវទេសចរ។ មួយវិញទៀតម៉ាល់ឌីវ អនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រទេសខ្លួនដោយមិនបាច់សុំទិដ្ឋាការឡើយ ជាហេតុញាំងឲ្យកោះទេសចរណ៍តូចនេះ មានភាពទាក់ទាញគោលដៅទេសចរណ៍កាន់តែខ្លាំងថែមទៀត។
លោកហូ វណ្ឌី សម្លឹងឃើញពីគុណប្រយោជន៍វិស័យទេសចរណ៍លើយន្តការជើងហោះហើរត្រង់ម៉ាល់ ឌីវ-កម្ពុជា ដូច្នេះថា៖«កាលណាមានជើងហោះហើរត្រង់មានន័យថា ភ្ញៀវទេសចរម៉ាល់ឌីវ និងភ្ញៀវទេសចរប្រទេសទី៣ ចូលមកកម្ពុជាដោយត្រង់ ដោយសព្វថ្ងៃទេសចរពីប្រទេសទី៣ តាមរយៈក្រុមអាកាសចរណ៍បច្ចុប្បន្ន ចេញពីប្រទេសផ្សេងៗទៀតនោះទេ»។
លោកហូ វណ្ឌី បន្ថែមថា ការពង្រឹងទំនាក់ទំនងការទូតទេសចរណ៍នេះ មានសារៈសំខាន់ណាស់ ដើម្បីឈានទៅរកការពង្រីកអាជីវកម្មផ្សេងៗតាមរយៈវិស័យទេសចរណ៍ ហើយអាចពង្រឹងលំហូទេសចរណ៍ទៅវិញទៅមករវាងប្រទេសទាំងពីរបាន ជាពិសេសកម្ពុជាដែលអាចស្រូបទាញកំណើនភ្ញៀវទេសចរ។
គួររំឭកថា កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ កម្ពុជានិងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក៕
ដោយ៖ សំបាន ច័នុ្ទដារ៉ា