លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធពីបទចេញសែកស្អុយ

ភ្នំពេញ៖លោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅល្ងាច ថ្ងៃទី ១៦ ខែមករានេះតាមដីការបស់តុលាការក្រោមបទ​ចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។

ការចាប់ខ្លួនលោក ថាច់ សេដ្ឋា បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីនចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​នេះ។

ឯលោក ថាច់ សេដ្ឋា (រូបថតឯកសារ)

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់ AMS ថា ពិតមានការចាប់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានឱ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។ ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា កចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ពលជ័យ

លោក ថាច់ សេដ្ឋា ពេលឃាត់ខ្លួន
ads banner