គណបក្សភ្លើងទៀនគំរាមការដកខ្លួនចេញពីការបោះឆ្នោតសកល (Video Inside)

គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនចង់ចូលរួមការបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលត្អូញត្អែរថាមានអំពើគំរាមកំហែង។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដា បានថ្លែងថា ការចូលរួមឬមិនចូលរួម របស់គណបក្សនយោបាយ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់គណបក្ស។

គួរបញ្ជាក់ថាដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នឹងនៅសល់តែរយៈពេល១៨៨ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃច័ន្ទទី១៦ មករា ឆ្នាំ២០២៣។ នៅជាង១៨០ថ្ងៃទៀតដែលបានមកដល់នេះ មន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចចំនួន២រូប គឺលោក សុន ឆៃ និងលោក គង់ គាំ បានរងនឹងបណ្តឹងក្តី នៅតុលាការ ក្នុងនោះរឿងសំណុំបរិហាកេរ្តិ៍របស់លោក សុន ឆៃ ត្រូវបានដើមបណ្តឹងគណបក្សប្រជាជនកម្ពុជា ទាមទារការបង់សងជម្ងឹចិត្ត១លានដុល្លារពាក់ព័ន្ធបទបរិហាកេរ្តិ៍ទាក់ទងនឹង សម្តីនិយាយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត, ចំណែកលោក គង់ គាំ បានសារភាពកំហុស ក្រោយការរកឃើញថាលោកបានប្រើអំណាចជាមន្ត្រីជាន់ខ្ពស់ក្រសូងការបរទេសធ្វើឯកសារ យកផ្ទះដែលជាទ្រព្យសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

គណបក្សភ្លើងទៀនក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ថ្ងៃទី១៦មករានេះ បានសរសេរត្អូញត្អែរថាមានការបំភិតបំភ័យ, ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិដោយការប្តឹងទារសំណងខុសប្រក្រតី មកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននិយាយថាសកម្មភាពនោះគេមិនអាចទទួលបានឡើយ ។ គណបក្សភ្លើងទៀនដដែលនិយាយថាគេនឹងពិចារណាឡើងវិញអំពីលទ្ធភាព នៃការចូលរួមបោះឆ្នោតខាងមុខនេះ។

មន្ត្រីគណបក្សប្រជាជនកម្ពុជានៅមិនទាន់មានប្រតិកម្មជុំវិញ សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀននោះឡើយ។ ប៉ុន្តែមន្ត្រីគជប លោក សោម សូរីដា បានថ្លែងថា គជបមិនអាចទៅបង្ខំ ឬទៅណែនាំឱ្យគណបក្សភ្លើងទៀនចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ ដោយសារច្បាប់កំណត់អំពីសិទ្ធិរបស់គណបក្ស នយោបាយដែលចង់ចូលរួម ឬមិនចូលរួម”។

ads banner