ក្រសួងកសិកម្មជម្រុញការបញ្ចេញពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)
ក្រសួងកសិកម្មបាននឹងកំពុងជម្រុញការបញ្ចេញនូវពូជស្រូវចំប៉ីស៧០ ដែលត្រូវបានបង្កើតឡើងថ្មីសម្រាប់ប្រជាកសិករកម្ពុជា បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេល៩ឆ្នាំ។
កិច្ចការជម្រុញនេះបានបង្ហាញឲ្យដឹងតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅថ្ងៃទី១៦មករា ឆ្នាំ២០២៣នេះ។
ក្រសួងកសិកម្មបានបង្ហាញអំពីដំណើរការផលិតពូជស្រូវដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវក្រោយ។ អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា លោក អន ឈួន បានថ្លែង ពីអំពីពូជស្រូវស្រាល “ចំប៉ីស៧០” ។ ហេតុអ្វីបានស្រូវនេះ មានឈ្មោះចំប៉ីស៧០?
គម្រោងផលិតកម្មពូជស្រូវនេះ គឺជាធាតុចូលមួយសំខាន់នៅក្នុងបេសកកម្មឈានទៅកាត់ បន្ថយការចំណាយរបស់ប្រជាកសិករ ដើម្បីឲ្យលោកទទួលបានផលចំណេញច្រើនជាងមុន។ ពូជស្រូវ ចំប៉ីស៧០ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវ ដែលមានគុណភាពអង្ករល្អប្រណីត ជាមួយនឹងសែស្រឡាយស្រូវ CN9024 ដែលជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមាន ដងដើម ល្អមកពីប្រទេសចិន។ ក្រោយពីធ្វើពិសោធន៍ និងជ្រើសរើសអស់រយៈពេល០៩ឆ្នាំ វិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញ ឲ្យប្រើប្រាស់ជាផ្លូវការទើបតែនៅខែធ្នូ ឆ្នាំ២០២២ នេះ ទេ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ ចំប៉ីស៧០ពូជ ចំប៉ីស៧០” ត្រូវក្រុមជំនាញ កសិកម្មថ្លែងថា វាជាពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល ៩៣ ទៅ៩៧ ថ្ងៃ ក្រោយព្រោះ ឬ សាប។ ដោយសារវាមានអាយុកាលខ្លី គេអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។