ក្រសួងទេសចរណ៍កម្ពុជារំពឹងថា នឹងអាចទទួលបានទេសចរ ចិន មួយ លាន នាក់នៅឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជារំពឹងថានឹងអាចទទួលទេសចរចិន មួយលាននាក់នៅឆ្នាំ២០២៣បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៦ខែមករា។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ឯកឧត្តម តុប សុភ័ក មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេស ចរណ៍បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះការវិវត្តនៃលំហូរភ្ញៀរទេសចរចិននៅកម្ពុជា ហើយនិងកំពុងត្រៀមខ្លួនជាពិសេស សម្រាប់ ទទួលភ្ញៀវចិនផងដែរ ព្រោះចិនជាភ្ញៀវទេសចរធំបំផុតសម្រាប់ កម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបានរំពឹងទុកថា ភ្ញៀវ ទេសចរចិនអាចនឹងមានកំណើនដល់មួយលាននាក់នៅឆ្នាំនេះ ខណៈដែលភ្ញៀវចិនមកកម្ពុជាមានប្រមាណ១០ម៉ឺននាក់ដោយសារវិធានការកូវីដសូន្យ(Zero-COVID) របស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកបន្ថែមថា កម្ពុជាបានត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរ ចិនតាំងពីកំលុងមុនការរាតត្បាតជំងឺកូវីដ១៩ ឯណោះ ព្រោះចិន ជាទីផ្សារភ្ញៀវទេសចរធំរបស់ពិភពលោក មិនមែនតែសម្រាប់កម្ពុជា នោះទេ ។លោកបន្ថែមថាក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តផ្នែកទេសចរណ៍មានការសិក្សាតាមរយៈសៀវភៅសឬChina Ready(China Ready! Chinese for Hospitality and Tourism) ហើយក្នុងឆ្នាំ២០២៣ នេះក្រសួងកំពុងខិតខំបន្តធ្វើការជាមួយក្រុម ហ៊ុន អាកាសចរណ៍ទាំងឡាយផង សម្រាប់ភ្ញៀវទេសចរចិន ជា ពិសេស។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ដោយកន្លង មកចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានទំហំច្រើន ទើបនាំ ឱ្យមានការចាប់អារម្មណ៍និងការគិតគូរជាពិសេសពីរដ្ឋាភិបាលកម្ពុជា។
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង លោកមិនអាចព្យាករណ៍ ច្បាស់ លាស់ឡើយ ថាក្រោយវិធានការកូវីដសូន្យ ភ្ញៀវទេសចរចិនទំនង ជាអាចកើនឡើង ដោយការអាក់ខានដំណើរកម្សាន្តជាងពីរឆ្នាំមកនេះ ដោយអាស្រ័យលើប្រជាជនចិនផ្ទាល់ថា ប្រទេសណាអាចនឹងជា គោលដៅពួកគេ ដោយខ្លះអាចត្រឡប់មកលេងកម្ពុជា អាចខ្លះ អាច នឹងងាកទៅលេងបណ្តាប្រទេសផ្សេងៗទៀតវិញ។
លោកបណ្ឌិតឈត ប៊ុនថង ថា៖ «ជាទូទៅ ទេសចរពាណិជ្ជកម្ម ឬវិនិយោគិន អ្វីក៏ដោយ វាអាស្រ័យក្រោយទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសពីរហ្នឹងល្អប្រសើរ។ អ៊ីចឹងយើងឃើញថា ទំនាក់ ទំនងរវាងរដ្ឋាភិបាលចិននិងកម្ពុជា មានភាពស្អិតរមួតនឹងគ្នា។ ការសង្ឃឹមថា ទេសចរចិនមកលេងកម្ពុជាច្រើនហ្នឹង ក៏អាចកើត មានដែរ »។
លោកបណ្ឌិតឈត ប៊ុនថង បន្ថែមថា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការទទួលស្វាគមន៍ភ្ញៀវទេសចរចិន និងសាសន៍ផ្សេងទៀត រដ្ឋាភិបាលគួរយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផលិតផលទេសចរណ៍ មគ្គុទេ្ទសក៍ទេសចរណ៍ ពិនិត្យរមណីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត មានគុណភាព និងគ្រប់គ្រាន់ ជាពិសេស ការរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរ និងសណ្តាប់ធ្នាប់ប្រទេស។
គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ កាល ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោយការរឹត បន្តឹងវិធានការ កូវីដសូន្យ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ខណៈ សម្ដេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងរំពឹងកាលពីដើម ឆ្នាំ២០២៣ថា កំណើនភ្ញៀវទេសចរចិនយ៉ាងហោចពីរលាននាក់ នៅឆ្នាំ២០២៣៕
ដោយ៖ សំបាន ច័ន្ទដារ៉ា