«ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ នឹងផ្តល់ កាលានុវត្ត ភាពធំធេងសម្រាប់វិស័យទេសចរណ៍ប្រទេសទាំងពីរ
ភ្នំពេញ៖ នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ សម្ដេច បានផ្ដួចផ្ដើមគំនិតឱ្យមានការសិក្សាលទ្ធភាពបង្កើតឱ្យមានក្របខ័ណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ ដែល ទិដ្ឋាការ ប្រភេទ នឹងផ្តល់កាលានុវត្តភាពធំធេងសម្រាប់ជំរុញ ទេសចរណ៍ ពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រ ម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍ បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាល់ឌីវ បានឱ្យដឹងថា ដោយសារម៉ាល់ឌីវ មានការរីកលូតលាស់ខាងផ្នែកឧស្សាហកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ទើបសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានកិច្ចសហការកាន់តែច្រើននៅក្នុង វិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ឃើញថា ម៉ាល់ឌីវ និងកម្ពុជា មានសក្តានុពលយ៉ាងធំធេងក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាព ផ្សព្វផ្សាយ រួមគ្នាដោយប្រើប្រាស់សក្តានុពល បេតិកភណ្ឌវប្បធម៌ និងធម្មជាតិយ៉ាងសម្បូរបែបសំដៅបង្កើនការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា កំលុងពេលទស្សនកិច្ចផ្លូវការនេះ គឺប្រកបដោយលទ្ធផលផ្លែផ្កា យ៉ាង ច្រើនជាប្រវត្តិសាស្ត្រ ក្នុងនោះ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និង ម៉ាល់ឌីវ ក៏ ត្រូវបានចុះហត្ថលេខា ផងដែរ នាថ្ងៃទី១៦ ខែមករា ក្នុងទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ ចំពោះមុខមុនថ្នាក់ដឹកនាំទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «អនុស្សរណៈនេះផ្ដោតលើកិច្ចសហ ប្រតិបត្តិការ មួយចំនួនដូចជា ជំរុញកិច្ចសហប្រតិបត្តិការផ្នែក ទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។
ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និង ផ្នែក ឯកជន, ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា, គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ទេសចរណ៍, ការលើកទឹកចិត្តឱ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ និងកិច្ចសហប្រតិបត្តិការ ផ្សេងៗ ទៀត» ។
រដ្ឋមន្ត្រីទេសចរណ៍ ក៏បានបន្ថែមទៀតថា លទ្ធផលនៃទស្សនកិច្ច ផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្ត អនុស្សរណៈ ខាងលើ ឱ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ចំនួន ៣០ ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើ ដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករាមុនចុះអនុស្សរណៈមួយ ថ្ងៃ ក្រុមការងារ ជំនាញនៃ ក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និង បានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈ។
ក្នុងនោះមានដូចជា ការជំរុញឱ្យមានជើងហោះហើរត្រង់ កម្ពុជា −ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬ ត្រីកោណ ឬ ជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), ការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍,ការរៀបចំឱ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), និងការរៀបចំឱ្យមានកញ្ចប់ ទស្សនកិច្ច រួម ជាដើម។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) លោក ធួន ស៊ីណាន បានប្រាប់ថា គំនិតផ្តួចផ្តើមឱ្យមានការសិក្សាលទ្ធភាព បង្កើតឱ្យមានក្របខ័ណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ»រវាងកម្ពុជា និង ម៉ាល់ឌីវនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ ដែលអាចផ្តល់ប្រយោជន៍ ច្រើនឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
លោកមានប្រសាសន៍ថា ៖ «ការអនុស្សរណៈយោគយល់គ្នាកាន់តែ កាន់តែផ្តល់ផលប្រយោជន៍ដល់កម្ពុជា ទាំងទំនាក់ទំនងការទូត សេដ្ឋកិច្ច មិត្តភាព និងនយោបាយជាដើម។
ខ្ញុំចាប់អារម្មណ៍លើចំណុចសំខាន់ៗ២ នោះគឺ ទិដ្ឋាការទោល ដែល អាចនឹងនាំផលទៅវិញទៅមក ជាពិសេសនាំផលច្រើនមកកម្ពុជា ព្រោះអ្នកដែលមានទិដ្ឋការម៉ាល់ឌីវ អាចមកកម្ពុជាបាន និងអ្នកមាន ទិដ្ឋាការកម្ពុជា អាចទៅម៉ាល់ឌីវបាន ដែលនេះជាផលប្រយោជន៍ អាចចែកទៅវិញទៅមកបាន»។
លោក ធួន ស៊ីណា បន្តថា ៖«មួយវិញទៀត ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ឬក៏ជំនាញទៅវិញទៅមក ក៏ជារឿងល្អដែរ ព្រោះម៉ាល់ឌីវមានភាព ស្ទាត់ ជំនាញខាងផ្នែករៀបចំរីសត ដែលកម្ពុជាអាចរៀន សូត្រ បន្ថែមបាន»។
បើតាមក្រសួងទេសចរណ៍ នៅមុនវិបត្តិកូវីដ១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦,៦ លាននាក់ កើនឡើង ៦,៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈដែលឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២,២លាននាក់ កើនជាង ១០០០ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចំណែកឯ ប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១,៧ លាននាក់ ខណៈឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១,៦ លាននាក់៕
ដោយ៖ វណ្ណ សុជាតា