អ្នកតាមដានព្រឹត្តិការណ៍នយោបាយចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់»

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង» លើអ្នកគាំទ្រដោយសារនយោបាយមុសា ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ»។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣នេះតទៅ លោកចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយ៖
១-ឱ្យតម្លៃ និងទទួលស្គាល់នូវ «គុណតម្លៃនៃសន្តិភាព» ជាធំ ដែលបានផ្តល់ប្រយោជន៍ឱ្យគ្រប់គណបក្សនយោបាយ និងអ្នកនយោបាយគ្រប់បក្ស អាចធ្វើសកម្មភាពនយោបាយបានពេញផ្ទៃប្រទេសដោយចំហជាមួយអ្នកគាំទ្រខ្លួន…។
២-ធ្វើការឃោសនាផ្តោតលើតែ «គោលនយោបាយ» របស់គណបក្សខ្លួន ដោយបញ្ឈប់នូវវប្បធម៌ ជាន់ជើង ខោកក្បាល ជេរប្រមាថ គណបក្សដទៃដើម្បីយកល្បី យកប្រជាប្រីយ៍ភាព…។
៣-បញ្ឈប់ការយកបញ្ហា «សន្តិសុខជាតិ អធិបតេយ្យភាពជាតិ វប្បធម៌ សាសនា និងតម្លៃនៃការសិក្សាអប់រំ» មកធ្វើជាប្រធានបទ ឬជារបៀបវារៈនយោបាយរបស់ខ្លួន…
៤- ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ» ដែលហ៊ានទទួលស្គាល់លទ្ធផលឆ្នោតដែលគណបក្សខ្លួនទទួលបានពីអ្នកបោះឆ្នោត…
និង៥- បញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង» លើអ្នកគាំទ្រដោយសារនយោបាយមុសា រួចនាំធ្វើបាតុកម្មខុសច្បាប់ ខាតពេលវេលាដែលនាំឱ្យកើតអំពើហិង្សា នាំការឈឺចាប់ដល់ប្រជាពលរដ្ឋ…៕
ដោយ៖ពលជ័យ

ads banner