រដ្ឋមន្ត្រីប្រតិភូថ្លែងរំពឹងថា កម្ពុជានឹងអាចចេញពីបញ្ជីប្រផេះរបស់អង្គការ FATF នៅខែមីនា ឬមិថុនា ឆ្នាំ២០២៣​ (Video Inside)

ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជានឹងរំពឹងកាន់តែល្អប្រសើរថែមទៀត បើសិនជាឈ្មោះរបស់ប្រទេសកម្ពុជានឹងត្រូវដកចេញពីបញ្ជីប្រផេះ នៃអង្គការហិរញ្ញវត្ថុអន្តរជាតិ FATF។

រដ្ឋមន្ត្រីប្រតិភូលោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅថ្ងៃនេះថា នៅពេលកម្ពុជាចាកចេញពីបញ្ជីប្រផេះ មកជាបញ្ជីសវិញនោះ, កម្ពុជានឹង អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេស មកកាន់កម្ពុជា។

កម្ពុជាត្រូវក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើក ទី២ក្នុងឆ្នាំ២០១៩។ អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវធ្វើបង្ក្រាប អំពើជួញដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដើម្បីការនាំប្រទេសកម្ពុជាចេញរួចផុតពីបញ្ជីប្រផេះនេះ។ យ៉ាងហោចមានផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។

លោក វង្សី វិស្សុត បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីការនាំប្រទេសចេញពីបញ្ជីប្រផេះ នៃក្រុមការងារហិរញ្ញវត្ថុ FATF។ លោកបានថ្លែងរំពឹងថាកម្ពុជាសង្ឃឹមនឹងអាចជម្រះខ្លួនចេញពីបញ្ជីប្រផេះរបស់អង្គការ FATF នេះ នៅក្នុងខែមីនា ឬខែមិថុនាឆ្នាំ២០២៣នេះ។

ads banner