២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥៧៧នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ាន បើទោះបីជាថ្ងៃនេះ បានកើនច្រើនជាងម្សិលមិញបន្តិចមែន ប៉ុន្តែក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ។ តួលេខឆ្លងប្រចាំថ្ងៃអាស៊ានមុននេះ ធ្លាប់តែស្ថិតនៅចំនួន ៤ខ្ទង់ ពេលនេះបានមកនៅត្រឹមតែ ៣ខ្ទង់ប៉ុណ្ណោះ ។
តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥៧៧ ករណីប៉ុណ្ណោះ ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២១៨ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន១៥នាក់ ដែលកើតឡើងចំពោះតែប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៦ ម៉ឺន ៧ពាន់ ៦០៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៧១៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៣លានករណី, និងការស្លាប់មានជាង ៦លាន ៧៥ម៉ឺននាក់។