គជបកំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុក «លោកចោរស្របច្បាប់» (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «លោកចោរស្របច្បាប់» ដែលប្រើប្រាស់រូបថតប្រធានគជបលោក ប្រាជ្ញ ច័ន្ទ។ សេចក្តីប្រកាសព័ត៌មានថ្ងៃសុក្ររបស់គជប បានសរសេរថា «គជបបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។

សេចក្តីថ្លែងការណ៍បានថ្កោលទោសលើម្ចាស់គណនីអនាមិកនោះ ថាទង្វើដែលប្រព្រឹត្តនោះ គឺ «អសីលធម៌ និងមិនអាចទទួលយកបានក្នុងចេតនាទុច្ចរិតមាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសច្រានចោលនូវការផ្សាយរបស់គណនីហ្វេសប៊ុក «លោកចោរស្របច្បាប់» នេះទាំងស្រុង។ សេចក្តីថ្លែងការណ៍ បានអំពាវនាវដល់សាធារណជនត្រូវ «ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងការបំភ្លៃ ការបរិហាកេរ្តិ៍ដែលប្រាសចាកពីការពិត បើពុំដូច្នោះទេ គជបនឹងចាត់វិធានការតាមផ្លូវច្បាប់»។

ads banner