ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងមកដល់៩៨ថ្ងៃខាងមុខទៀតនេះ (Video Inside)

កម្ពុជាបានបន្តរាប់ថយក្រោយរយៈពេល១០០ថ្ងៃនៅថ្ងៃសុក្រនេះថែមទៀតជុំវិញការឈានទៅរកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

គិតត្រឹមថ្ងៃសុក្រនេះកម្ពុជានៅសល់រយៈពេល៩៨ថ្ងៃទៀត ដែលការប្រកួតកីឡាស៊ីហ្គេមនឹងឈានមកដល់។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី២៧ មករា ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនា គ្រិស្តនៅកម្ពុជា។

កម្ពុជាតែងខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។

ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួមមាន មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើងក្នុងរវាង២ឆ្នាំម្តងដោយចាប់ផ្តើមដំបូងក្នុងខែធ្នូ ឆ្នាំ១៩៥៩។

ads banner