ក្រសួងមហាផ្ទៃព្រមានប្តឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបើសិនជាមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួង (Video Inside)

ក្រសួងមហាផ្ទៃ បានព្រមានថានឹងប្តឹងទៅតុលាការ បើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួងមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣នោះទេ។ ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន បានដាស់តឿនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលរក្សាទុកក្នុងក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន។

លិខិតនៅបានប្រាប់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មាន រាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍ បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំ២០២៣ជាកំណត់។

ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី នៅជាមួយនឹងការដាស់តឿនរបស់ក្រសួងមហាផ្ទៃនោះ បែរជាបានថ្លែងចោទមកវិញថា ក្រសួងមហាផ្ទៃបានប្រើប្រាស់លេស ដើម្បីដាក់បន្ទុកគម្រាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់សមាគម ដែលមាននិន្នាការមិនស្របតាមរដ្ឋាភិបាលតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី៣០ ខែមករា បញ្ជាក់ថាក្រសួងមហាផ្ទៃ បានរកឃើញភាពមិនប្រក្រតីមួយចំនួន របស់សមាគមគ្រូបង្រៀនឯករាជ្យ ដែលបានអនុវត្តផ្ទុយពីច្បាប់កំណត់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានថា នឹងប្តឹងទៅតុលាការក្នុងករណីសមាគមគ្រូបង្រៀនឯករាជ្យមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនមុនដំណាច់ខែកុម្ភៈខាងមុខនេះ មកឱ្យក្រសួងនោះទេ។

ads banner