ផ្ទុះគ្រាប់បេសែសិប ស្លាប់បុរសម្នាក់នៅកំពង់ធំ (Video Inside)
គ្រាប់បេសែសិប មួយគ្រាប់បានផ្ទុះបណ្តាលអោយបុរសម្នាក់បានស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងនៅក្នុង ភូមិគន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
គ្រាប់បេសែសិបដែលបានផ្ទុះនោះ គឺជាគ្រាប់ដែលបុរសរងគ្រោះ ឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ រើសបាននៅថ្ងៃទី២៨ មករា ឆ្នាំ២០២៣ ដែលគេជឿថា ជាគ្រាប់រាយប៉ាយសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេស។
ខេត្តកំពង់ធំគឺជាខេត្តមួយនៃអតីតសមរភូមិ ដែលមិនទាន់បានក្លាយជាខេត្តរំដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ អស់នៅឡើយទេ។ បុរសឈ្មោះ នឿន វិត បានយកគ្រាប់បេមកវាយលេងបណ្តាលអោយផ្ទុះ និងរងរបួសធ្ងន់ ដាច់ខ្ទេចដៃទាំងសងខាង បាក់ស្មាឆ្វេង ត្រូវចំផ្ទៃមុខ និងរបួសពេញខ្លួនប្រាណ និងគាត់បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។
កម្ពុជាក្រោយការដោះអស់រយៈពេល៣០ ឆ្នាំមកនេះ នៅសេសល់ផ្ទៃដីមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត ក្នុងនោះរួមមានទាំងផ្នែកខ្លះ នៃខេត្តកំពង់ធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានប្តេជ្ញាបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។