៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះ ចំនួន ១ពាន់ ៥២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១០១ករណី ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៧៦ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង ៤ករណី។ ប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៤នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៧ម៉ឺន ៣ពាន់ ៨៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៨០៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៤លានករណី, និងការស្លាប់មានជាង ៦លាន ៧៥ម៉ឺននាក់ ៕