អាជ្ញាធរនូវែលសេឡង់ នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតលើទីក្រុង Auckland ដែលកំពុងរងគ្រោះដោយទឹកជំនន់
នូវែលសេឡង់៖ មន្ត្រីជំនាញផ្នែកឧតុនិយមរបស់នូវែលសេឡង់នៅថ្ងៃអង្គារ៣១ មករា បានស្នើឱ្យអ្នកស្រុកនៅទីក្រុង Auckland ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់នោះ ឱ្យត្រៀមខ្លួនសម្រាប់ការវាយលុកនៃព្យុះមួយទៀត ខណៈដែលអ្នកស្រុកចាប់ផ្តើមសម្អាតបន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីជាបន្តបន្ទាប់នៅទូទាំងទីក្រុងដ៏ធំបំផុតរបស់នេះកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរប្រាប់អ្នកសែតថា មានមនុស្សបួននាក់បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបានវាយប្រហារទីក្រុង Auckland ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
ផ្នែកព្យាករណ៍អាកាសធាតុនូវែលសេឡង់ បាននិយាយថាមានអំពីភ្លៀងធ្លាក់ខ្លាំងលើផ្ទៃដី ខាងជើងនៃប្រទេសចាប់ពីរសៀលថ្ងៃអង្គារទី៣១ខែមករា។ លោក Rachel Kelleher អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងគ្រោះអាសន្នរបស់ រដ្ឋធានីAuckland បាននិយាយថា ៖«គេរំពឹងថាភ្លៀងនេះនឹងបណ្តាលឱ្យទឹកទន្លេឡើងដល់កម្រិតអាសន្ន និងអាចនាំឱ្យមានរអិលបាក់ដី ទឹកជំនន់ទំនងជារំខានដល់ការធ្វើដំណើរ ធ្វើឱ្យផ្លូវមួយចំនួនមិនអាចឆ្លងកាត់បាន » ។
ទីក្រុង Auckland បានទទួលកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងរួចទៅហើយក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ផ្លូវសំខាន់ៗជាច្រើននៅតែបិទ ហើយសាលារៀន Auckland ទាំងអស់នឹងនៅតែបិទរហូតដល់ថ្ងៃទី ៧ខែកុម្ភៈ។ មជ្ឈមណ្ឌលជម្លៀសត្រូវបានបង្កើតឡើងនៅទូទាំងទីក្រុង។
លោក Rachel Kelleher អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងគ្រោះអាសន្នបាននិយាយថា អាកាសយានដ្ឋានក្នុងស្រុក Aucklandចាប់ផ្ដើមដំណើរការវិញឡើងវិញហើយ។ខណៈដែល អាកាសយានដ្ឋានអន្តរជាតិ Auckland កំពុងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗ៕
ដោយ:វណ្ណ ស័ក្តិ